ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ យូអិន គួរតែឆ្លើយតប ចំពោះទង្វើបង្កអស្ថិរភាព របស់អ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ត្រូវតែធ្វើការឆ្លើយតប ក្រោយមានការវាយប្រហារ ដ៏សាហាវទៅលើនាវាដឹកប្រេង មួយគ្រឿង កាលពីសប្ដាហ៍មុន និងបានចោទប្រទេសអ៊ីរ៉់ង ពីបទមានឥរិយាបថ បង្កអស្ថិរភាព។

ដោយយោងដល់លិខិតមួយ ផ្ញើឲ្យក្រុមប្រឹក្សា សន្តិសុខកាលពីថ្ងៃអង្គារ ដែលចុះហត្ថលេខា ដោយប្រទេសអង់គ្លេស និងប្រទេសដទៃទៀត នោះ លោក Dominic Raab បាននិយាយ លើបណ្ដាញសង្គម ធ្វីតធ័រ យ៉ាងដូច្នេះថា “ក្រុមប្រឹក្សាត្រូវតែឆ្លើយតប ចំពោះទង្វើបង្កអស្ថិរភាព និងភាពខ្វះខាត ការគោរពរបស់អ៊ីរ៉ង់ លើច្បាប់អន្តរជាតិ”។

ទីក្រុងតេអេរ៉ង់ បានបដិសេធថា មិនបានពាក់ព័ន្ធណាមួយ ចំពោះការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ ទៅលើនាវាដឹកប្រេង Mercer Street ដែលជានាវាដឹកផលិតផលប្រេង របស់ជប៉ុនមួយគ្រឿង គ្រប់គ្រងដោយក្រុមហ៊ុន អ៊ីស្រាអែល Zodiac Maritime ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ វាយប្រហារទៅលើ នាវាដឹកប្រេង កាលពីថ្ងៃព្រហស្បតិ៍នេះ សមាជិកបុគ្គលិកលើនាវាពីរូប ដែលម្នាក់ជាជនជាតិអង់គ្លេស និងម្នាក់ទៀត ជនជាតិរ៉ូម៉ានី បានស្លាប់បាត់បង់ជីវិត៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×