ព័ត៌មានអន្តរជាតិ

របាយការណ៍៖កូរ៉េខាងជើង ទំនងជាបើកជំនួញផ្លូវគោក ជាមួយចិនឡើងវិញ

បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ទំនងជានឹងបើកដំណើរការឡើងវិញ នូវការធ្វើជំនួញតាមផ្លូវគោកដែលបានផ្អាកជាមួយចិន ក្រោយការពន្យាពេលអស់រយៈពេលជាច្រើនខែ។

ប្រភពព័ត៌មានមួយ មានមូលដ្ឋាននៅក្នុងទីក្រុង Dandong ខេត្ត Liaoning ប្រទេសចិន បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Nikkei ថា ព័ត៌មានស្តីពីការបើកដំណើរការជំនួញផ្លូវគោកឡើងវិញនេះ គឺបានមកពីមន្ត្រីនៃប្រទេសកូរ៉េខាងជើង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែសីហា ឆ្នំា២០២១ បានឲ្យដឹងថា ប្រភពព័ត៌មានក្នុងប្រទេសចិនដដែលនោះ បាននិយាយប្រាប់បន្ថែមថា ជំនួញកូរ៉េខាងជើងនិងចិន ទំនងជាបន្តជាថ្មីនៅចុងខែនេះ។

គួរបញ្ជាក់ថា ទីក្រុង Dandong គឺជាទីកន្លែងដ៏សំខាន់មួយ សម្រាប់ការធ្វើជំនួញទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ជិត៩០ភាគរយនៃជំនួញរបស់កូរ៉េខាងជើង គឺត្រូវបានធ្វើឡើងជាមួយចិន ហើយ៧០ភាគរយក្នុងចំណោមជំនួនចិននិងកូរ៉េខាងជើងទំាងអស់ បានធ្វើឡើងតាមរយៈទីក្រុង Dandong នៅមុនពេលមានការរាតត្បាតជម្ងឺឆ្លង៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top