ព័ត៌មានអន្តរជាតិ

អាជីវកម្មបិទទ្វារ នៅអង់គ្លេសកើនឡើង 43 ភាគរយនៅត្រីមាសទី 2 នេះ

បរទេស៖ប្រទេសអង់គ្លេសសប្តាហ៍នេះ បានធ្វើការបង្ហាញពីទិន្នន័យនៃការកើនឡើង ចំនួនអាជីវកម្មនិងក្រុមហ៊ុនដែលបានបិទទ្វាប្រតិបត្តិការទៅដល់ 43 ភាគរយធៀបទៅនឹងឆ្នាំចាស់ដែលជាចំនួនបិទទ្វាអាជីវកម្មដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលយ៉ាងហោចណាស់ 4 ឆ្នាំចុងក្រោយនេះ។

តួលេខដែលត្រូវបានធ្វើការបង្ហាញជាផ្លូវការ ដោយការិយាល័យ ទទួលបន្ទុកកិច្ចការងារស្ថិតិជាតិឬហៅកាត់ថា ONS បានរកឃើញថា អាជីវកម្មសរុបប្រមាណជា 105,000 ដែលត្រូវបានប្រកាសបិទទ្វាប្រតិបត្តិការរបស់ខ្លួនគិតចាប់ពីចន្លោះខែមេសាដល់ខែមិថុនាហើយ បើតាមការបញ្ជាក់បន្ថែមដោយលោក Josh Martin អ្នកជំនាញប្រឹក្សារបស់ ONS បានឲ្យដឹងដែរថាមូលហេតុសំខាន់ ដែលនាំឲ្យទៅដល់ការបិទទ្វាអាជីវកម្មច្រើនបែបនេះគឺដោយសារតែពេលវេលានៃការវិបត្តិកូវីដដែលនៅតែបន្តអូសបន្លាយ រយៈពេលជាង១ឆ្នាំកន្លងមកហើយ នោះនៅតែមិនទាន់មានភាពធូរស្រាលខ្លាំងនៅឡើយ។

ក្នុងនោះផងដែរគេសង្កេតឃើញដែរថា អាជីវកម្មភាគច្រើនដែលបានប្រកាសបិទទ្វានោះគឺមានដូចជា ក្រុមអ្នកធ្វើការវិជ្ជាជិវៈក្រុមអាជីវកម្ម នៅក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រព្រមទាំងអាជីវកម្មជាច្រើនទៀត ដែលពាក់ព័ន្ធទៅនឹងកិច្ចការងារបច្ចេកទេស។

ដោយឡែកចំនួននៃអាជីវកម្មកើតថ្មីនិង បានចុះឈ្មោះនៅក្នុងរយៈពេលត្រីមាសទី 2 នេះដែរគេអាចមើលឃើញថាមានការកើនឡើងប្រមាណជា28 ភាគរយផងដែរ ពោលគឺស្ទើរតែប្រហាក់ប្រហែលទៅនឹងតួលេខកើនឡើង ក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ 2020 ។ប្រែសម្រួល៖ស៊ុនលី

To Top