ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ព្រមានអំពីការ ប្រកួតប្រជែងអាវុធ ក្រោយមាន កិច្ចព្រមព្រៀង ​នាវាមុជទឹក នុយក្លេអ៊ែអូស្ត្រាលី

បរទេស៖ ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនមានក្តីព្រួយបារម្ភ អំពីការប្រកួតប្រជែងអាវុធក្នុងតំបន់ ក្រោយប្រទេសអូស្ត្រាលី បានប្រកាសផែនការទិញយក នាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែ ជាផ្នែកនៃសម្ពន្ធភាពសន្តិសុខ ឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មី ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស។

ដោយគេស្គាល់ថា AUKUS នោះ សម្ពន្ធភាពនេះ នឹងឃើញអូស្ត្រាលី ទទួលបានបច្ចេកវិទ្យាប្រើប្រាស់ នាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែ ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលមានបំណងឆ្លើយតប ចំពោះអំណាចរបស់ចិន ដែលកំពុងតែកើនឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ ក្រសួងការបរទេសឥណ្ឌូនេស៊ី បានធ្វើការកត់សម្គាល់ ជាមួយការរំឭក អំពីការសម្រេចចិត្ត របស់អូស្ត្រាលី ទិញយកនាវាមុជទឹក និងបាននិយាយថា ខ្លួនមានក្តីព្រួយបារម្ភជាខ្លាំង ជុំវិញការបន្តមាន ការប្រកួតប្រជែងអាវុធ និងការពង្រីកអំណាច នៅក្នុងតំបន់។

ក្រសួងការបរទេសឥណ្ឌូនេស៊ី តាមសេចក្តីរាយការណ៍ បានអំពាវនាវដល់ប្រទេសអូស្ត្រាលី ឲ្យរក្សាការប្តេជ្ញារបស់ខ្លួន ចំពោះសន្តិភាពនិងសន្តិសុខ ក្នុងតំបន់ និងបានលើកឡើងជាថ្មី ស្តីពីការគោរពរបស់ខ្លួន ចំពោះច្បាប់អន្តរជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

To Top