ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បំបែកភាពឯកតោភាគីនិយម ដោយចូលរួមក្រុម ដឹកនាំដោយចិន និងរុស្ស៊ី

បរទេស៖ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានក្លាយជាសមាជិកពេញសិទ្ធិ នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅថ្ងៃសុក្រម្សិលមិញនេះ ស្របពេលដែលប្រធានាធិបតីថ្មីអ៊ីរ៉ង់ លោក Ebrahim Raisi  បានបំផ្ទុះកំហឹងសហរដ្ឋអាមេរិក និងបំបែកភាពឯកតោភាគីនិយម។ 

ប្រទេសអ៊ីរ៉ង់ ដែលបានប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក ក្រោមអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភាគច្រើនត្រូវបានរក្សាបន្តដោយលោកប្រធានាធិបតី ចូ បៃដិននោះ បានទទួលភាពជាសមាជិកក្នុងក្រុមមួយ ដែលមានទាំងប្រទេសចិន ប្រទេសរុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងកាហ្សាក់ស្ថាន។ 

យោងតាមសេចក្តីរាយការណ៍ លោក Ebrahim Raisi បាននិយាយថា “ពិភពលោកបានចូលក្នុងយុគសម័យថ្មី អនុត្តរភាពនិងភាពឯកតោភាគីនិយម កំពុងតែបរាជ័យ ហើយតុល្យភាពអន្តរជាតិ កំពុងតែធ្វើដំណើរឆ្ពោះទៅ កាន់ភាពពហុភាគីនិយម និងការបែងចែកអំណាចឡើងវិញ ដើម្បីផលប្រយោជន៍ដល់ប្រទេសឯករាជ្យ”។ 

លោកបានបន្តទៀតថា ប្រទេសអ៊ីរ៉ង់ចង់ក្លាយជាអ្នកចូលរួមដ៏សកម្ម ក្នុងអង្គការអន្តរជាតិ ផ្អែកលើភាពយុត្តិធម៌ សហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក និងភាពចាំបាច់ត្រូវធ្វើតួនាទីដ៏មានអំណោយផល ក្នុងការប្រឈមមុខនឹងភាពលំបាកអន្តរជាតិនិងក្នុងតំបន់៕ 

ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top