ព័ត៌មានអន្តរជាតិ

គណៈកម្មការ សិទ្ធិមនុស្ស អាហ្វហ្គានីស្ថាន សារភាពថា មិនអាចធ្វើការបាន ដោយសារការជ្រៀតជ្រែករបស់តាលីបង់

បរទេស៖ គណៈកម្មការសិទ្ធិមនុស្សឯករាជ្យអាហ្វហ្គានីស្ថាន (AIHRC) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមតាលីបង់ បានរឹបអូសការិយាល័យរបស់ខ្លួន ហើយកំពុងជ្រៀតជ្រែកការងាររបស់ខ្លួន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា AIHRC ក៏បានសម្តែងការសង្ស័យចំពោះឆន្ទៈ របស់ចលនាក្នុងការគោរពអាណត្តិ និងឯករាជ្យភាពរបស់អង្គការនេះផងដែរ។

AIHRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចាប់តាំងពីថ្ងៃទី ១៥ ខែសីហាមក AIHRC នៅតែបន្តការងារ ប៉ុន្តែមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះប្រជាជនអាហ្វហ្កានីស្ថានបាន។ អគារ AIHRC ទាំងអស់ត្រូវបានកាន់កាប់ដោយកងកម្លាំងតាលីបង់ ដែលបានធ្វើការចាត់ចែងការងារ និងប្រើប្រាស់ទ្រព្យសម្បត្តិរបស់ AIHRC ដូចជារថយន្ត និងកុំព្យូទ័រ ជាដើម» ។ 

គណៈកម្មការនេះបានបន្ថែមថា « AIHRC អំពាវនាវឱ្យតាលីបង់គោរពឯករាជ្យភាពរបស់ AIRHC និងបុគ្គលិករបស់ខ្លួន និងអ្នកការពារសិទ្ធិមនុស្សអាហ្វហ្គានីស្ថានទាំងអស់ ដែលបានធ្វើការដោយមិននឿយហត់ ដើម្បីការពារសិទ្ធិរបស់ប្រជាជនអាហ្វហ្គានីស្ថានផងដែរ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top