ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន៖កូរ៉េខាងជើង បើកចិត្តធ្វើកិច្ចពិភាក្សាជាមួយ កូរ៉េខាងត្បូង 

បរទេស ៖ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង អ្នកនាង គីម យូជុង ហៅលទ្ធភាពនៃការប្រកាស បញ្ចប់សង្គ្រាមកូរ៉េលើឧបទ្វីបកូរ៉េ ថាជាគំនិតគួរឲ្យចាប់ អារម្មណ៍និងគួរឲ្យសរសើរ និងបានបង្ហាញសញ្ញាថា ទីក្រុងព្យុងយ៉ាងចង់ចាប់ផ្តើមជាថ្មី នូវកិច្ចពិភាក្សាគ្នា ប្រសិនបើទីក្រុងសេអ៊ូល បំបាត់គោលនយោបាយនិងវោហារសាស្ត្រប្រកបដោយអរិភាពរបស់ខ្លួន។

ការថ្លែងបែបនេះរបស់ប្អូនស្រីលោក គីម ជុងអ៊ុន នេះ គឺត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបចំពោះសំណើ ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន សុំឲ្យបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េ នៅក្នុងអំឡុងពេលថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងសប្ដាហ៍នេះ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកូរ៉េទាំងពីរ តាមពាក្យបច្ចេកទេស គឺនៅតែស្ថិតក្នុងសង្គ្រាម ស្របពេលដែលការប្រយុទ្ធដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៥០នោះ បានចប់ក្រោយនោះ៣ឆ្នាំ ជាមួយបទឈប់បាញ់គ្នា និងមិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាង គីម យូជុង បាននិយាយថា “យើងមានឆន្ទៈចង់រក្សាទំនាក់ទំនងដ៏ជិតស្និទ្ធរបស់យើងជាមួយប្រទេសកូរ៉េខាងត្បូងម្តងទៀត និងមានកិច្ចពិភាក្សាគ្នាដ៏មានអំណោយផល ជាមួយគ្នា ស្តីពីការស្តារនិងការអភិវឌ្ឍចំណងមិត្តភាពទ្វេភាគី ប្រសិនបើវាប្រុងប្រយ័ត្ន អំពីភាសាអនាគតរបស់ខ្លួន និងមិនមានអរិភាពចំពោះយើង”៕ប្រែសម្រួល៖ប៉ាង កុង

To Top