ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អំពីផលវិបាក ប្រសិនបើបន្តពឹងផ្អែកលើ “ វិធីសាស្រ្តដូចចោរប្លន់” របស់អាមេរិក

បរទេស៖ កាលពីដើមសប្តាហ៍នេះ ប្រទេសបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភអំពីការបាញ់សាកល្បង មីស៊ីលចុងក្រោយ របស់កូរ៉េខាងជើង និងបានសន្យាថា នឹងដោះស្រាយបញ្ហានេះ នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពី“ ផលវិបាក” ប្រសិនបើខ្លួនបន្តពឹងផ្អែកលើ “ វិធីសាស្រ្តដូចចោរប្លន់” របស់អាមេរិក។

ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំបិទទ្វារនៅថ្ងៃទី ១ ខែតុលាបន្ទាប់ពីមានការស្នើសុំពីសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានដកស្រង់សម្តីប្រធាននាយកដ្ឋានអង្គការអន្តរជាតិ របស់ក្រសួងការបរទេសកូរ៉េខាងជើងលោក Jo Chol Su ដែលជឿជាក់ថា កិច្ចប្រជុំនេះគឺជាការបើកចំហរដោយមិនអើពើនិងចង់រំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេស និងជាការបង្កហេតុ។

ទីក្រុង ព្យុងយ៉ាងក៏ជឿជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុវត្តស្តង់ដារពីរ ទាក់ទងនឹងសកម្មភាពយោធាក្នុងចំណោមប្រទេសជាសមាជិកអង្គការសហប្រជាជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top