វ៉ាស៊ីនតោន៖ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់អាមេរិក បានបុកជាមួយវត្ថុមិនស្គាល់ អត្តសញ្ញាណ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីចុងសប្តាហ៍មុន នេះបើតាមសេចក្តីរាយការណ៍ របស់កងនាវាចរប៉ាស៊ីហ្វិក របស់កងទ័ពជើងទឹកអាមេរិក ខណៈរាយការណ៍ថា គ្មានគ្រោះថ្នាក់ដល់ អាយុជីវិតឡើយ។
យោងតាមសេចក្តីប្រកាស ព័ត៌មានសារព័ត៌មាន The Connecticut បានបុកទៅលើវត្ថុមួយ ខណៈកំពុងលិចនៅរសៀលថ្ងៃសៅរ៍ ប៉ុន្តែនាវាមុជទឹកដែលមានល្បឿនលឿន នៅតែស្ថិតក្នុងស្ថានភាពសុវត្ថិភាព និងស្ថិរភាព។ នៅក្នុងនោះដែរទូរទស្សន៍ CNN បានចុះផ្សាយថាឧប្បត្តិហេតុនេះ បានកើតឡើងនៅសមុទ្រចិនខាងត្បូង ហើយនាវិកមួយចំនួន នៅលើនោះបានរងរបួស។

កងនាវាចរប៉ាស៊ីហ្វិកបានឲ្យដឹងថា ខណៈដែលរោងចក្រ និងកន្លែងជំរុញនុយក្លេអ៊ែររបស់ នាវាមុជទឹកមិនត្រូវបានប៉ះពាល់ និងនៅតែដំណើរការបានពេញលេញនោះ ទំហំនៃការខូចខាត ចំពោះនាវាមុជទឹកដែលនៅសេសសល់ កំពុងត្រូវបានវាយតម្លៃ។
ការប្រកាសនេះបានកើតឡើង ខណៈដែលភាពតានតឹងបាន និងកំពុងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជុំវិញការលុកលុយជា ញឹកញាប់របស់យោធាចិន ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាសរបស់តៃវ៉ាន់។
សហរដ្ឋអាមេរិក ជប៉ុន និងសម្ព័ន្ធមិត្តអាមេរិក ផ្សេងទៀតក៏បានធ្វើសមយុទ្ធយោធា កាលពីចុងសប្តាហ៍មុន នៅដែនទឹកភាគនិរតីនៃអូគីណាវ៉ា ដែលមានការចូលរួមពី នាវាផ្ទុកយន្តហោះអាមេរិក និងអង់គ្លេសចំនួន ៣ គ្រឿងព្រមទាំងនាវាពិឃាត កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន និងនាវាផ្សេងទៀតនេះបើយោងតាម MSDF ៕
ដោយ ឈូក បូរ៉ា
