ព័ត៌មានអន្តរជាតិ

កងកម្លាំង ប្រតិបត្តិការពិសេស និងទាហានម៉ារីនអាមេរិក បានធ្វើការហ្វឹកហាត់ ដល់កងកម្លាំងកោះតៃវ៉ាន់ ចំពេលមានភាពតានតឹង ជាមួយចិន

បរទេស ៖ បន្ទាប់ពីរបាយការណ៍ បានលេចចេញនៅ ក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាមេរិកមួយចំនួនតូច បានដាក់ពង្រាយដោយសម្ងាត់ ទៅកាន់កោះតៃវ៉ាន់អស់ រយៈពេលជាងមួយ ឆ្នាំមកហើយ ដែលអ្នកសារព័ត៌មានចិន ឈានមុខម្នាក់បានអំពាវនាវ ឱ្យពួកគេបង្ហាញពីទីតាំងរបស់ពួកគេនៅលើកោះស្វយ័ត ដែលចិនអះអាងថាជារបស់ខ្លួន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត The Wall Street Journal (WSJ ) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រី អាមេរិក ដែលមិនបញ្ចេញឈ្មោះថា កងកម្លាំងប្រតិបត្តិការ ពិសេសអាមេរិក និងទាហានម៉ារីនអាមេរិក ជាច្រើននាក់ បានស្ថិតនៅកោះតៃវ៉ាន់អស់រយៈពេលជាង មួយឆ្នាំហើយ ដែលពួកគេបានធ្វើការហ្វឹកហាត់ ដល់កងកម្លាំងកោះតៃវ៉ាន់ ចំពេលមានភាពតានតឹង ជាមួយចិន ។

ឆ្លើយតបទៅនឹងរឿងនេះ ក្រសួងការបរទេសចិនបានប្រាប់ WSJ ថា “ ចិននឹងចាត់វិធានការចាំ បាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន” ហើយរំពឹងថា អាមេរិកនឹងគោរព តាមកិច្ចព្រមព្រៀងមុន ៗ របស់ខ្លួនអំពីស្ថានភាពកោះតៃវ៉ាន់។ នៅពេលដែលខ្លួនបង្កើតទំនាក់ ទំនង ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ ១៩៧៩ សហរដ្ឋអាមេរិក បានយល់ព្រម បញ្ចប់ការគាំទ្រ ផ្នែកនយោបាយនិង យោធារបស់ខ្លួន ចំពោះរដ្ឋាភិបាលនៅតៃវ៉ាន់ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តបះបោររបស់ចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top