បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង កំពុងបង្កើនការជំរុញ ការសាងសង់អគារ អាផាតមិនថ្មី (apartment ) នៅក្នុងរដ្ឋធានីរបស់ខ្លួន ខណៈដែលប្រទេសនេះ មានបំណងផ្តល់ផ្ទះថ្មី ចំនួន ១០ ០០០ ខ្នងនៅឆ្នាំនេះ និង ៤០ ០០០ ខ្នងទៀតនៅឆ្នាំ ២០២៥ ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមកាសែតផ្លូវការ កូរ៉េខាងជើងឈ្មោះ Rodong Sinmun និង Uriminzokkiri ជា គេហទំព័រ ឃោសនាមួយ គឺ ប្រទេសកូរ៉េខាងជើង បានបោសសំអាតដីរាប់ម៉ឺនម៉ែត្រការ៉េ នៅភាគខាងលិច ទីក្រុងព្យុងយ៉ាង ដើម្បីសាងសង់ផ្ទះ បន្ថែមទៀត។
កូរ៉េខាងជើងអះអាងថា Mangyongdae គឺជាស្រុកកំណើតរបស់លោក គីម អ៊ីលស៊ុង មេដឹកនាំស្ថាបនិក និងជាជីតារបស់មេដឹក នាំបច្ចុប្បន្នគឺលោក គីម ជុងអ៊ុន។
កាសែត Rodong Sinmun ក៏បានផ្សាយថា ថ្មីៗនេះកូរ៉េខាងជើងបានបញ្ចប់ការសាងសង់អាគារផ្ទះល្វែងថ្មីចំនួនជាង ១០០ យូនីត នៅក្នុងស្រុកខាងកើតនៃទីក្រុងព្យុងយ៉ាង។
ក្នុងអំឡុងមហាសន្និបាតលើកទី ៨ នៃកិច្ចប្រជុំរបស់គណបក្សពលករ ដែលកំពុងកាន់អំណាចនៅខែមករា កូរ៉េខាងជើងបានសម្រេចចិត្តសាងសង់ អាផាតមិនចំនួន ៥០ ០០០ នៅទីក្រុងព្យុងយ៉ាងនៅឆ្នាំ ២០២៥ ដោយមានគោលដៅបង្កើតយូនីតចំនួន ១០ ០០០ យូនីតជារៀងរាល់ឆ្នាំ។
កាលពីខែមីនាលោកគីម បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាផាតមិន ចំនួន ១០ ០០០ នៅក្នុងរដ្ឋធានី ហើយបានជំរុញ ឱ្យមន្រ្តីបន្តជំរុញគម្រោងនេះ បើទោះបីជាមានបញ្ហាប្រឈម ដែលកាន់តែធ្ងន់ធ្ងរ ជាងពេលមុនក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
