ព័ត៌មានអន្តរជាតិ

អង់គ្លេស-បារាំង បើកិច្ចពិភាក្សា​ កាត់បន្ថយភាពតានតឹង លើជម្លោះនេសាទ

ប៉ារីស ៖ រដ្ឋមន្ត្រី Brexit របស់អង់គ្លេស លោក David Frost និងរដ្ឋមន្ត្រីការបរទេសបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានជួបពិភាក្សាគ្នា នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីព្យាយាមបន្ធូរបន្ថយ ភាពតានតឹងជុំវិញ ជម្លោះនេសាទ រវាងប្រទេសទាំងពីរ។

ទោះជាយ៉ាងណាក៏ដោយលោក Beaune បានឲ្យដឹងបន្ទាប់ពីនោះថា ការងារជាច្រើននៅតែត្រូវ ធ្វើព្រោះភាពខុសគ្នាសំខាន់ៗ នៅតែមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង ចំណុចជាប់គាំងសំខាន់ក្នុងអំឡុងកិច្ចពិភាក្សា កាលពីថ្ងៃព្រហស្បតិ៍ គឺការបកស្រាយ នៃកិច្ចព្រមព្រៀងក្រោយ Brexit ស្តីពីការនេសាទ។ បារាំង បានចោទអង់គ្លេស ថា បានដាក់លក្ខខណ្ឌ តឹងរ៉ឹង ជាងមុន សម្រាប់ ការ ចេញ លិខិត អនុញ្ញាតនេសាទ។

កាលពីសប្តាហ៍មុន ក្រសួងសមុទ្របារាំង បានសងសឹក ដោយប្រកាសថា ចាប់ពីថ្ងៃអង្គារកន្លងទៅនេះ នាវានេសាទអង់គ្លេស នឹងត្រូវបានហាមឃាត់ មិនឱ្យចូលចតនៅកំពង់ផែ បារាំងចំនួន ៦ នៅ Hauts-de-France, Normandy និង Brittany ។ ប្រភពក៏បានឲ្យដឹងថា ប្រទេសបារាំង នឹងពង្រឹងការត្រួតពិនិត្យអនាម័យ គយ និងសុវត្ថិភាពលើនាវា និងឡានដឹកទំនិញ របស់អង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្រោយមកបានច្រានចោលវិធានការ សងសឹកទាំងនេះ ដោយលើកឡើងថា “វាមិនមែនខណៈពេល ដែលយើងកំពុងចរចាថា យើងនឹងដាក់ទណ្ឌកម្មនោះទេ” ។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានប្រាប់សារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា បារាំងបានយល់ព្រមមិន “បន្តការគំរាមកំហែង ទាំងនេះទៀតនោះទេ” ៕
ដោយ ឈូក បូរ៉ា

To Top