ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធ ១៧នាក់ al-Shabab ត្រូវបានសម្លាប់ នៅក្នុងពេលដណ្តើម យកទីក្រុងមួយ នៅភាគកណ្តាល ប្រទេសសូម៉ាលី

ម៉ូហ្គាឌីស៊ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ថា កងកម្លាំងក្នុងតំបន់ របស់ប្រទេសសូម៉ាលី នៅរដ្ឋ Galmudug បានសម្លាប់ពួកសកម្មប្រយុទ្ធ al-Shabab ចំនួន១៧នាក់ ដែលបានប៉ុនប៉ង វាយប្រហារទីក្រុង ក្នុងស្រុកមួយ កាលពីព្រឹកថ្ងៃសុក្រ ។

មន្ត្រីសន្តិសុខ បានប្រាប់ទូរទស្សន៍ជាតិ សូម៉ាលី ដែលគ្រប់គ្រងដោយរដ្ឋថា ភេរវករត្រូវបានសម្លាប់ បន្ទាប់ពីពួកគេបានព្យាយាម ដណ្តើមយកទីក្រុង Baxdo នៅកណ្តាលប្រទេសសូម៉ាលី ។

ស្ថានីយ៍ទូរទស្សន៍បានរាយការណ៍ថា “កងកម្លាំងក្នុងតំបន់នៃរដ្ឋ Galmudug របស់ប្រទេសសូម៉ាលី បានវាយលុកការវាយប្រហារ ដោយក្រុម al-Shabab មកលើទីក្រុង Baxdo ដោយបានសម្លាប់ភេរវករ១៧នាក់ នៅព្រឹកព្រលឹមថ្ងៃសុក្រ” ។

ចំណាត់ការនេះ បានកើតឡើងចំពេលប្រតិបត្តិការ កាន់តែខ្លាំងឡើង ដោយកងកម្លាំងសូម៉ាលីប្រឆាំង នឹងពួកសកម្មប្រយុទ្ធ al-Shabab នៅតំបន់កណ្តាល និងភាគខាងត្បូង ដែលក្រុមសកម្មប្រយុទ្ធ នៅតែកាន់កាប់តំបន់ជនបទ ដែលធ្វើការវាយឆ្មក់ និងដាំគ្រាប់មីន ជាច្រើនកន្លែង ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top