ព័ត៌មានអន្តរជាតិ

ណាតូ ប្រុងប្រយ័ត្នចំពោះ ការទាមទារសន្តិសុខ របស់រុស្ស៊ី នៅមុនកិច្ចពិភាក្សាគ្នា សប្ដាហ៍ក្រោយ

បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេស ណាតូ បាននិយាយនៅពេលថ្មីៗនេះថា ខ្លួននៅតែមានសាមគ្គីភាពក្នុងការប្រឆំាងទប់ទល់នឹងសកម្មភាពយោធាអាចកើតមានណាមួយរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និងបានបង្ហាញថា ការទាមទារសន្តិសុខជាច្រើន ធ្វើឡើងដោយវិមានក្រឹមឡាំង គឺមិនអាចទទួលយកបាននោះទេ។

រដ្ឋមន្ត្រីការបរទេស ចំនួន៣០នាក់ បានប្រារព្ធធ្វើកិច្ចប្រជុំលើវីដេអូខលមួយ នៅមុនកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី នៅក្នុងទីក្រុងហ្សឺណែវ នាថ្ងៃចន្ទសប្ដាហ៍ក្រោយ ដែលបន្ទាប់មកនឹង មានកិច្ចប្រជុំរវាងរុស្ស៊ីនិងណាតូ តាមក្រោយ នៅក្នុងទីក្រុងព្រួចសែល ហើយនិងកិច្ចពិភាក្សាកាន់តែធំ នៅទីក្រុងវីយែន បណ្ដាលមកពីការទាមទារ របស់ទីក្រុងមូស្គូ ឲ្យមានការធានាសន្តិសុខ។

បេសកកម្ម សហរដ្ឋអាមេរិក ប្រចាំអង្គការណាតូ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “រដ្ឋមន្ត្រីការបរទេសមកពីប្រទេស សមាជិកណាតូទាំងអស់ បានធ្វើការបញ្ជាក់ជាថ្មី នូវសាមគ្គីភាពរបស់យើង ក្នុងការឆ្លើយតបចំពោះ ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំវិសាមញ្ញនាថ្ងៃនេះ”។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានបញ្ជូនកងទ័ពជាច្រើន ទៅជិតព្រំដែនប្រទេសអ៊ុយក្រែន និងចង់បានការធានាតាមផ្លូវច្បាប់ថា អង្គការណាតូ នឹងមិនពង្រីកវិសាលភាព របស់ខ្លួនមកកាន់ទិសខាងកើត និងបញ្ចប់ សហប្រតិបត្តិការយោធា ជាមួយអតីតសាធារណរដ្ឋសូវៀត គឺប្រទេសអ៊ុយក្រែននិងហ្សកហ្ស៊ី៕

ប្រែសម្រួល៖ប៉ាង កុង

To Top