ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមបញ្ជូនសព្វាវុធ សម្រាប់ការពារខ្លួន ដល់អ៊ុយក្រែន ប្រសិនរុស្ស៊ីបន្តឈ្លានពាន

បរទេស៖ ទូរទស្សន៍ NBC បានរាយការណ៍ ដោយដកស្រង់សម្តី មន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនដើម្បីកាត់បន្ថយចំនួន ទាហានអាមេរិក និងសមយុទ្ធយោធា ដែលបានធ្វើឡើង នៅអឺរ៉ុបខាងកើត ក្នុងអំឡុងពេលកិច្ចពិភាក្សា សន្តិសុខទ្វេភាគី ជាមួយទីក្រុងម៉ូស្គូ នាពេលខាងមុខ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សំណើនេះ ត្រូវបាននិយាយថាអាស្រ័យលើ ថាតើរុស្ស៊ីយល់ព្រម កាត់បន្ថយសកម្មភាពយោធា ដែលត្រូវបានចោទប្រកាន់ នៅជិតព្រំដែនអ៊ុយក្រែន ឬយ៉ាងណា ខណៈដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា ខ្លួនមានសេរីភាព ក្នុងការផ្លាស់ប្តូរអង្គភាពយោធា នៅក្នុងទឹកដីរបស់ខ្លួន។

មន្ត្រីជាន់ខ្ពស់មួយរូប របស់ក្រសួងការបរទេសអាមេរិក បាននិយាយក្នុងអំឡុង សន្និសិទ តាមទូរស័ព្ទមួយកាលពីថ្ងៃសុក្រថា “វាមិនត្រឹមត្រូវទេ ដែលរដ្ឋបាលសហរដ្ឋអាមេរិក កំពុងបង្កើតជម្រើស សម្រាប់ការដកកងកម្លាំង អាមេរិក ត្រឡប់មកវិញនៅអឺរ៉ុបខាងកើត” ។

មន្ត្រីរូបនេះក៏បានបន្ថែមថា “ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន បន្ថែមទៀត យើង (អាមេរិក) នឹងផ្តល់សម្ភារៈការពារបន្ថែមដល់ប្រជាជនអ៊ុយក្រែនខាងលើ និងលើសពីអ្វីដែលយើងកំពុងស្ថិតនៅក្នុងដំណើរការផ្តល់រួចហើយ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top