ព័ត៌មានអន្តរជាតិ

ជប៉ុន ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបាញ់ សាកល្បងមីស៊ីលផ្លោង ជាលើកទី២ របស់កូរ៉េខាងជើង

បរទេស ៖ ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុន បានសម្តែងការមិនពេញចិត្ត ចំពោះការបាញ់សាកល្បងមីស៊ីល ជាលើកទីពីរ ដែលធ្វើឡើងដោយប្រទេស កូរ៉េខាងជើង ក្នុងមួយសប្តាហ៍ ដោយនិយាយថា វាធ្វើឱ្យខូចដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Matsuno បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “សកម្មភាពរបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខនៃប្រទេសរបស់យើង តំបន់ទូលំទូលាយ និងសហគមន៍អន្តរជាតិទាំងមូល ។ យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពបែបនេះ” ។

លោកបានបញ្ជាក់ថា ជប៉ុនបានឃើញការ សាកល្បងមីស៊ីលផ្លោង របស់កូរ៉េខាងជើងនៅម៉ោងប្រហែល ៧ និង២៥ នាទីព្រឹក នៅថ្ងៃចន្ទ ដោយបន្ថែមថា រដ្ឋាភិបាលទីក្រុងតូក្យូបច្ចុប្បន្ន កំពុងវិភាគព័ត៌មាន។ មិនមានព័ត៌មានអំពីការខូចខាត របស់កប៉ាល់ ឬយន្តហោះ ត្រូវបានគេរាយការណ៍ទេ ។

ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន បានផ្សាយថា មីស៊ីលដែលបានបាញ់ដោយកូរ៉េខាងជើង ប្រហែលជាបានធ្លាក់នៅខាងក្រៅ តំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top