ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានរុស្ស៊ីអំពីផលវិបាក ដ៏ធំ ប្រសិនបើជ្រើសយកជម្លោះ ជាជាងកិច្ចចរចាការទូត

បរទេស៖ស្របពេលមានកិច្ចពិភាក្សាកាត់បន្ថយភាពតានតឹងអស់រយៈពេលមួយសប្ដាហ៍ ស្តីពីសកម្មភាពរុស្ស៊ីលើអ៊ុយក្រែននោះ រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានគម្រាមវិមានក្រឹមឡាំង អំពីផលវិបាកដ៏ធំមិនធ្លាប់ជួបពីមុន ប្រសិនបើរុស្ស៊ីបន្តជ្រើយយកការប្រឈមមុខដាក់គ្នា ហើយមិនជ្រើសយកវិធីការទូតនិងការពិភាក្សាគ្នានោះ។

ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលមួយសប្ដាហ៍ ដែលសហរដ្ឋអាមេរិកកំពុងតែចូលរួមក្នុងកិច្ចពិភាក្សាការទូត ដែលផ្តោតលើដំណោះស្រាយបែបការទូត ចំពោះវិបត្តិដែលបច្ចុប្បន្នកំពុងតែគម្រាមកំហែងដល់ប្រទេសអ៊ុយក្រែន និងសន្តិសុខនៅក្នុងតំបន់អឺរ៉ុប។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា យោងតាមការប៉ាន់ស្មាន រុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់ នៅជិតព្រំដែនភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន បង្កឲ្យមានការភ័យខ្លាចថា រុស្ស៊ីអាចនឹងធ្វើការឈ្លានពានប្រទេសជិតខាងខ្លួនថែមទៀត ក្រោយការយកតំបន់គ្រីមាដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន កាលពីក្នុងឆ្នាំ២០១៤។

ប៉ុន្តែទន្ទឹមគ្នានេះដែរ ប្រទេសរុស្ស៊ីក៏មានក្តីព្រួយបារម្ភវិញដែរថា ប្រទេសអ៊ុយក្រែនអាចនឹងចូលរួមជាមួយអង្គការសម្ពន្ធមិត្តយោធា ណាតូ ដែលខ្លួននិយាយថា នឹងបង្កការគម្រាមកំហែងសន្តិសុខមួយ៕ប្រែសម្រួល៖ប៉ាង កុង

To Top
×