ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន ស្នើជួបពិភាក្សាត្រីភាគី ជាមួយមេដឹកនាំ អាមេរិក-រុស្ស៊ី

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើឱ្យមានកិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ។

លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថាលោក Zelensky បានប្រគល់សំណើនេះទៅលោក បៃដិន រួចហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Yermak ត្រូវ បាន គេ ដកស្រង់សម្ដីដោយលើក ឡើង ថា “យើង កំពុង រង់ចាំ ប្រតិកម្ម ពី ភាគី រុស្ស៊ី ប៉ុន្តែ ដៃគូ អាមេរិក របស់ យើង បាន ទទួល យក សំណើ របស់ យើង ដោយ ការ ចាប់ អារម្មណ៍” ដោយពេលនេះនៅរង់ចាំតែចម្លើយពីភាគីរុស្ស៊ីតែប៉ុណ្ណោះ។

យោងតាមលោក Yermak បានឲ្យដឹងថា ជំនួបរវាងមេដឹកនាំទាំង៣ អាចធ្វើឡើងតាមរយៈ Video Conference ហើយគោលបំណងនៃកិច្ចពិភាក្សាទៅជាយ៉ាងណានោះ យើងនៅមិនទាន់ដឹងនៅឡើយទេ។

កាលពីពេលថ្មីៗនេះ អ៊ុយក្រែន សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត បានសម្តែងការព្រួយបារម្ភ ជុំវិញការចោទប្រកាន់ថា មានការកសាងយោធារុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន។

នៅក្នុងនោះដែរ កាលពីថ្ងៃទី១០ ខែមករា សហរដ្ឋអាមេរិក និងរុស្ស៊ី បានបើកកិច្ចចរចាសន្តិសុខនៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។

បន្ទាប់ពីកិច្ចពិភាក្សា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានលើកឡើងថា រុស្ស៊ីមិនមានផែនការវាយប្រហារអ៊ុយក្រែននោះទេ ហើយគ្មានហេតុផលណា ដែលត្រូវភ័យខ្លាចការកើនឡើងនៃភាពតានតឹងជាមួយអ៊ុយក្រែនឡើយ៕ដោយ ឈូក បូរ៉ា

To Top