ព័ត៌មានអន្តរជាតិ

ចិន ផ្អាកការត្រួតពិនិត្យរបស់គយ សម្រាប់ទំនិញវៀតណាម អំឡុងបុណ្យចូលឆ្នាំចិន ខណៈរថយន្តកុងតឺន័រ ១ ៥២១ គ្រឿង ដែលដឹកទំនិញវៀតណាម បន្តជាប់គាំង

បរទេស៖ ប្រទេសចិន នឹងផ្អាកការត្រួតពិនិត្យទំនិញផ្នែកគយ សម្រាប់ទំនិញវៀតណាម នៅច្រកព្រំដែនក្នុងខេត្ត Lang Son ភាគខាងជើងរយៈពេល៧ថ្ងៃ ក្នុងអំឡុងពេលពិធីបុណ្យ Tet ដែលជាពិធីបុណ្យចូលឆ្នាំថ្មី។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងច្រកទ្វារព្រំដែន Dong Dang របស់ខេត្តបាននិយាយថា ការត្រួតពិនិត្យទំនិញផ្នែកគយ នឹងឈប់ចាប់ពីថ្ងៃទី ៣១ ខែមករា ដល់ថ្ងៃទី ៦ ខែកុម្ភៈ ។

យោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែមករា រថយន្តកុងតឺន័រសរុបចំនួន ១ ៥២១ គ្រឿង ដែលដឹកទំនិញវៀតណាម ហើយកុងតឺន័រជាង ៦២០ គ្រឿងដែលដឹកផ្លែឈើស្រស់ បានជាប់គាំងនៅច្រកទ្វារព្រំដែន Lang Son ដោយសារការត្រួតពិនិត្យ របស់គយមានភាពយឺតយ៉ាវ ដែលបណ្តាលមកពីការ ពង្រឹងការការពារជំងឺកូវីដ។

ខេត្តបានបន្តថា នឹងត្រូវចំណាយពេល២សប្តាហ៍ ដើម្បីរំដោះទំនិញដែលជាប់គាំងទាំងអស់ ព្រោះមានតែរថយន្ត ១០០គ្រឿងប៉ុណ្ណោះ ដែលបានបញ្ចប់ការត្រួតពិនិត្យ ផ្នែកគយក្នុងមួយថ្ងៃ។

សម្រាប់ផ្នែករបស់ខ្លួន ច្រកទ្វារ Lang Son បានប្រកាសថា ខ្លួននឹងឈប់ទទួលរថយន្តដឹកផ្លែឈើស្រស់ ដែលទើបមកដល់ថ្មី ចាប់ពីថ្ងៃទី ១៧ ខែមករា រហូតដល់ដំណាច់ ថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ចិន៕ ប្រែសម្រួលៈ ណៃ តុលា

To Top