ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ថ្កោលទោសរុស្ស៊ី ពីបទវាយប្រហារ តាមអ៊ីនធឺណេត ផ្តោតគោលដៅលើ ទីភ្នាក់ងាររដ្ឋាភិបាល

បរទេស៖ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ប្រទេសរុស្ស៊ី ពីបទធ្វើការវាយប្រហារតាមអ៊ីនធឺណេតផ្តោតគោលដៅលើកុំព្យូទ័ររបស់ទីភ្នាក់ងាររដ្ឋាភិបាលនានា ដោយចោទវិមានក្រឹមឡាំងពីបទបង្កសង្គ្រាមអ៊ីនធឺណេត ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ។

ក្រុមប្រទេស Balkan បាននិយាយថា គ្រប់ភស្តុតាងទាំងអស់ ចង្អុលទៅលើរុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារ និងបាននិយាយថា ការជំរុញឲ្យមានការវាយប្រហារបែបនេះនោះ គឺដើម្បីកាត់បន្ថយទំនុកចិត្តសាធារណៈ ចំពោះរដ្ឋាភិបាលទីក្រុងគៀវ តាមរយៈការបង្កឲ្យមានភាពងាយរងគ្រោះ ក្នុងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងតាមរយៈទាញយកទិន្នន័យរបស់អ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងអភិវឌ្ឍន៍ឌីជីថលរបស់អ៊ុយក្រែន បាននិយាយប្រាប់ថា ទីក្រុងមូស្គូបន្តធ្វើសង្គ្រាមលើអ៊ីនធឺណេត និងកំពុងតែកសាងកម្លាំងយ៉ាងសកម្ម ក្នុងផ្នែកព័ត៌មាននិងវិស័យអ៊ីនធឺណេត និងថា សង្គ្រាមអ៊ីនធឺណេតនេះ បាននិងកំពុងតែប្រព្រឹត្តទៅ ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ជាពេលដែលរុស្ស៊ីយកតំបន់គ្រីមាដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុន Microsoft បានប្រកាសនៅក្នុងសារមួយថា ខ្លួនទើបបានរកឃើញកម្មវិធីមេរោគដ៏អាក្រក់ មានសមត្ថភាពអាចលុបចោលទិន្នន័យ នៅលើប្រព័ន្ធកុំព្យូទ័ររដ្ឋាភិបាលអ៊ុយក្រែននានាជាច្រើន៕ប្រែសម្រួល៖ប៉ាង កុង

To Top