ព័ត៌មានអន្តរជាតិ

ករណីឆ្លងទម្រង់ថ្មី អូមីក្រុង នៅវៀតណាម ឆ្លងចូលក្នុង សហគមន៍ហើយ

ហាណូយ ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ នៅថ្ងៃពុធនេះឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៣ករណីដំបូង នៃទម្រង់ឆ្លងអូមីក្រុង នៅក្នុងប្រទេសវៀតណាម ត្រូវបានបញ្ជាក់នៅទីក្រុងហូជីមិញ ភាគខាងត្បូង របស់ខ្លួន (HCMC) ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ HCMC បានឱ្យដឹងថា មនុស្សទាំង ៣នាក់សុទ្ធតែមានទំនាក់ទំនង ជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតដែល ទើបចូលប្រទេសវៀតណាម ពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ពួកគេមានរោគ សញ្ញារួម មានឈឺបំពង់ក និងហៀរ សំបោរ មុនពេលមកកាន់ គ្លីនិកឯកជន ដើម្បីព្យាបាល ។ មជ្ឈមណ្ឌល គ្រប់គ្រងជំងឺ បានឲ្យដឹងថា សំណាករបស់ពួកគេ ដែលត្រូវបានបញ្ជូន សម្រាប់ការធ្វើតេស្តដោយម៉ាស៊ីន (PCR) និងលំដាប់ហ្សែន ត្រូវបានបញ្ជាក់ កាលពីថ្ងៃអង្គារថា មានភាពវិជ្ជមាន ជាមួយនឹងទម្រង់ថ្មីនេះ ។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍បានឲ្យដឹងថា ពេលនេះអ្នកជំងឺត្រូវបាន ដាក់ឱ្យនៅដាច់ដោយឡែក និងស្ថិតក្នុងស្ថានភាព សុខភាពមានស្ថេរភាព ។ អាជ្ញាធរមានសមត្ថកិច្ច កំពុងកំណត់អត្តសញ្ញាណ ទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ និងយកគំរូសំណាក សម្រាប់ការធ្វើតេស្តជា ផ្នែកនៃវិធានការឆ្លើយតប ។

កាលពីព្រឹកថ្ងៃអង្គារ ក្រសួងសុខាភិបាល វៀតណាម បានឲ្យដឹងថា ការឆ្លងមេរោគអូមីក្រុង ៧០ករណី ត្រូវបានរកឃើញនៅទូទាំងប្រទេស រួមទាំង ៣០ នៅ HCMC ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺទាំងអស់ សុទ្ធតែជាអ្នកត្រឡប់មកពីបរទេស ហើយត្រូវបានដាក់ ឱ្យនៅដាច់ដោយឡែក ពីគេយ៉ាងតឹងរ៉ឹង នៅពេលមកដល់ប្រទេសវៀតណាម ៕
ដោយ ឈូក បូរ៉ា

To Top