ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អ៊ីរ៉ង់ កំពុងពិភាក្សា ស្ដីពីការដោះលែងមូលនិធិអ៊ីរ៉ង់ ដែលង្រូវបានជាប់គាំង 

សេអ៊ូល៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ជុំវិញការស្នើរសុំប្រើប្រាស់មូលនិធិរបស់ទីក្រុងតេអេរ៉ង់ ដែលជាប់គាំងក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើងវិញ ដើម្បីជួយប្រទេសនេះបង់ថ្លៃដល់អង្គការសហប្រជាជាតិ និងទទួលបានសិទ្ធិបោះឆ្នោតឡើងវិញ។

កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិបានជូនដំណឹងដល់ប្រទេសអ៊ីរ៉ង់ថា ខ្លួននឹងបាត់បង់សិទ្ធិបោះឆ្នោតភ្លាមៗសម្រាប់ការជាប់គាំង ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃ ១៨,៤លានដុល្លារអាមេរិក រួមជាមួយនឹងរដ្ឋសមាជិកចំនួន ៧ ផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ៊ីរ៉ង់មានមូលនិធិជាង ៧ពាន់លានដុល្លារ សម្រាប់ការដឹកជញ្ជូនប្រេង ដែលជាប់គាំងនៅធនាគារកូរ៉េខាងត្បូងចំនួនពីរគឺ ធនាគារឧស្សាហកម្មកូរ៉េ (IBK) និងធនាគារ Woori ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។  អ៊ីរ៉ង់​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ទឹកប្រាក់​នេះ ដែល​ជា​ចំណុច​ជាប់គាំង​សំខាន់​ក្នុង​ទំនាក់ទំនង​ទ្វេភាគី។

ភាគីទាំងពីរកំពុងស្វែងរកដើមទុនលើទ្រព្យសម្បត្តិ ដើម្បីដោះស្រាយបញ្ហានៃបំណុលរបស់អង្គការសហប្រជាជាតិ នេះបើយោងតាមប្រភពដែលបានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ប្រភព​មួយ​ក្នុង​ចំណោម​ប្រភព​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់​ថា “រដ្ឋាភិបាល​របស់​យើង​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ក្នុង​បញ្ហា​នោះ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ​ផង​ដែរ”។

ក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ប្រទេសនេះកំពុងស្វែងរក “បណ្តាញសុវត្ថិភាព” សម្រាប់ការទូទាត់ថ្លៃសមាជិកភាពរបស់អង្គការសហប្រជាជាតិ កាន់តែលឿន ដោយកិច្ចពិភាក្សាពាក់ព័ន្ធកំពុងដំណើរការ៕ដោយ ឈូក បូរ៉ា

To Top