ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មជនជាតិ អ៊ុយក្រែន៤នាក់ ពីបទជួយដល់រុស្ស៊ី

បរទេស៖សេតវិមាន នៅពេលថ្មីៗនេះ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកនិងអតីតសមាជិករដ្ឋាភិបាលអ៊ុយក្រែន៤រូប ដែលខ្លួននិយាយថា បានបង្កើនឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ក្រសួងការបរទេសនិងក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា បុគ្គលអ៊ុយក្រែនទាំង៤រូបនោះ មានការជាប់ពាក់ព័ន្ធជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី និងបានធ្វើសកម្មភាពណែនាំដោយត្រង់ដល់ភ្នាក់ងារទាំងនោះ ស្របពេលដែលរុស្ស៊ីបន្តគម្រាមដល់អ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

សហរដ្ឋអាមេរិកបានបញ្ជាក់ឈ្មោះសមាជិករដ្ឋសភាបច្ចុប្បន្នអ៊ុយក្រែន គឺលោក Taras Kozak និងលោក Oleh Voloshyn ហើយនិងលោក Volodymyr Oliynyk ជាអតីតមន្ត្រីរដ្ឋាភិបាលមួយរូប ដែលភៀសខ្លួនទៅប្រទេសរុស្ស៊ី និងលោក Vladimir Sivkovich ជាអនុរដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍មូយ លោក Wally Adeyemo ជាអនុរដ្ឋមន្ត្រីរតនាគារអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក កំពុងតែចាត់វិធានការទប់ស្កាត់យុទ្ធនាការឥទ្ធិពលនិងក្លែងព័ត៌មានដ៏គ្រោះថ្នាក់និងប្រកបដោយការគម្រាមកំហែងរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ហើយយើងប្តេជ្ញាចាត់វិធានការឲ្យរុស្ស៊ីទទួលខុសត្រូវ ចំពោះទង្វើបង្កអស្ថិរភាពរបស់ពួកគេ”៕ប្រែសម្រួល៖ប៉ាង កុង

To Top