ព័ត៌មានអន្តរជាតិ

សមាជិករដ្ឋសភារុស្ស៊ី នឹងពិភាក្សាពីការទទួលស្គាល់ អ៊ុយក្រែនភាគខាងកើត ជារដ្ឋឯករាជ្យ

បរទេស៖ ប្រធានរដ្ឋសភារុស្ស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋសភារបស់ប្រទេសរុស្ស៊ី នឹងធ្វើកិច្ចពិភាក្សាគ្នានៅសប្ដាហ៍ក្រោយ លើគំនិតមួយស្នើឲ្យ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ទទួលស្គាល់តំបន់បំបែកខ្លួន គាំទ្ររុស្ស៊ីចំនួន២ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ថាជារដ្ឋឯករាជ្យ។

តាមសេចក្តីរាយការណ៍ លោក Vyacheslav Volodin ដែលជាប្រធានរដ្ឋសភារសប់ប្រទេសរុស្ស៊ី បានធ្វើការប្រកាសយ៉ាងដូច្នោះ នៅមុនជំនួបគ្នាក្នុងទីក្រុងហ្សឺណែវ រវាងរដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ី នាថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីភាពតានតឹងកំពុងកើនឡើង ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។

លោក Vyacheslav Volodin នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញលើគណនី តេឡេហ្គ្រាមរបស់លោក បាននិយាយប្រាប់ថា ការសម្រេចចិត្ត គឺត្រូវបានធ្វើឡើង ដើម្បីត្រួតពិនិត្យថែមទៀតនូវ សេចក្តីសម្រេចព្រាងរបស់រដ្ឋសភា ចេញដោយសមាជិករដ្ឋសភា១១រូបកាលពីថ្ងៃពុធ ដែលនិយាយថា ប្រទេសរុស្ស៊ីចាំបាច់ត្រូវទទួល ស្គាល់តំបន់ទាំងពីរនោះ ជារដ្ឋឯករាជ្យ ដើម្បីការពារប្រជាពលរដ្ឋពួកគេ ពីការគម្រាមកំហែងខាងក្រៅ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top