ព័ត៌មានអន្តរជាតិ

ជប៉ុន-អាមេរិក ព្រមព្រៀងបើកកិច្ចពិភាក្សាសេដ្ឋកិច្ចកម្រិតខ្ពស់ តម្រង់លើចិន និងរុស្ស៊ី

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វីមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមព្រៀងគ្នាក្នុងការបើកកិច្ចពិភាក្សាសេដ្ឋកិច្ចទ្វេភាគីកម្រិតខ្ពស់ ចំពេលមានការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ និងដើម្បីសហការលើការគំរាមកំហែងផ្នែកសន្តិសុខ ដែលបង្កឡើងដោយកូរ៉េខាងជើង ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ី ដែលមានសក្តានុពលចូលទៅក្នុងអ៊ុយក្រែន។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលផ្លូវការលើកដំបូងមេដឹកនាំទាំងពីរ លោក បៃដិន បានផ្តល់សញ្ញាដល់លោក គីស៊ីដា អំពីបំណងរបស់លោកក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅចុងនិទាឃរដូវ នៅពេលដែលប្រទេសអាស៊ីមួយនេះ គ្រោងនឹងរៀបចំកិច្ចប្រជុំនៃមេដឹកនាំក្រុម Quad។

មន្ត្រីអាមេរិកម្នាក់បានលើកឡើងដោយសំដៅទៅលើក្រុមខាងលើនេះ ដែលជាក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យនៅឥណ្ឌូប៉ាស៊ីហ្វិក ក៏មានការចូលរួមពីអូស្ត្រាលី និងឥណ្ឌាផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សេចក្ដីថ្លែងការណ៍ដោយរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា “មេដឹកនាំទាំងពីរបានចែករំលែកនូវចេតនាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្រោមសម្ព័ន្ធភាពជប៉ុន-អាមេរិក ដ៏រឹងមាំ និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានគំនិតដូចគ្នាដូចជា អូស្ត្រាលី ឥណ្ឌា អាស៊ាន និងអឺរ៉ុប ឆ្ពោះទៅរកការសម្រេចបាននូវ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ។

ពីភាពរឹងមាំនៃទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ ហើយបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់ពួកគេចំពោះចំណាត់ការរបស់ប្រទេសចិន ក្នុងការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ព្រមទាំងការបង្ខិតបង្ខំសេដ្ឋកិច្ច និងការរំលោភសិទ្ធិមនុស្ស។

ប្រភពបាមឲ្យដឹងទៀតថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ធន់ និងការវិនិយោគបច្ចេកវិទ្យា ប្រទេសទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ស្តីពីគោលនយោបាយសេដ្ឋកិច្ច ដោយមានរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ចូលរួមដោយរដ្ឋលេខាធិការ និងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕ដោយ ឈូក បូរ៉ា

To Top