ព័ត៌មានអន្តរជាតិ

តុលាការយោធា មីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិត សមាជិកសភា មកពីបក្សលោកស្រី ស៊ូជី និងសកម្មជនល្បីឈ្មោះម្នាក់ទៀត

បរទេស៖ តុលាការយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសប្រហារជីវិត សមាជិកម្នាក់ នៃគណបក្សដែលត្រូវបានបណ្តេញចេញរបស់លោកស្រី អ៊ុងសាន ស៊ូជី ពីបទប្រព្រឹត្តអំពើភេរវកម្ម ខណៈដែលរបបយោធាបានបង្កើនការបង្រ្កាបគណបក្សរបស់មេដឹកនាំដែលត្រូវបានផ្តួលរំលំមួយនេះ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយមានមនុស្សជាង ១ ៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបជាបន្តបន្ទាប់លើអ្នកប្រឆាំង, នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។

ឥស្សរជនជាអ្នកប្រឆាំង រួមទាំងសម្ព័ន្ធមិត្តនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានទៅលាក់ខ្លួន ហើយ”កងកម្លាំងការពារប្រជាជន” បានផុសឡើងនៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងយោធា។

របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Phyo Zayar Thaw សមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរ (NLD) ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋនៅក្រោមសកម្មភាពប្រឆាំងភេរវកម្ម។

សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មជនប្រជាធិបតេយ្យដ៏ល្បីឈ្មោះ Kyaw Min Yu ដែលត្រូវបានគេស្គាល់ថាជា “Jimmy” បានទទួលការកាត់ទោសដូចគ្នាពីតុលាការយោធា៕

To Top