ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី រារាំងបំណងអាមេរិក ដាក់ទណ្ឌកម្មបន្ថែម លើកូរ៉េខាងជើង

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការដាក់ទណ្ឌកម្មថ្មី ដឹកនាំដោយអាមេរិក លើបុគ្គលកូរ៉េខាងជើងមួយចំនួន ជុំវិញការតេស្តសាកល្បងមីស៊ីលផ្លោត ដ៏ថ្មីចុងក្រោយបំផុត ដោយប្រទេសរុស្ស៊ីនិងចិន តាមសេចក្តីរាយការណ៍ បានរារាំងចំណាត់ការនោះ នៅក្នុងកិច្ចប្រជុំសម្ងាត់បន្ទាន់មួយ។ 

កិច្ចប្រជុំសម្ងាត់នោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ តាមសំណើរបស់សហរដ្ឋអាមេរិក និងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ចំនួន៧ផ្សេងទៀត រួមមានជប៉ុន អង់គ្លេស បារាំង និងអៀឡង់ផងនោះ ក្នុងដំណើរឆ្លើយតបចំពោះការបាញ់តេស្តមីស៊ីល បន្តបន្ទាប់គ្នាចំនួន៤គ្រាប់ ពីកូរ៉េខាងជើង គិតចាប់តាំងពីដើមឆ្នាំនេះមក។ 

ផ្ទាំងពាណិជ្ជកម្ម

ទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន បានដាក់ទណ្ឌកម្មឯកតោភាគី លើបុគ្គលនិងអង្គភាពមួយចំនួន ដែលមានចំណងទាក់ទង នឹងកម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង និងកំពុងតែសម្លឹងពង្រីកទណ្ឌកម្មគាំទ្រដោយអង្គការសហប្រជាជាតិ ទៅលើជនជាតិកូរ៉េខាងជើងចំនួន៥នាក់។ 

ប៉ុន្តែប្រទេសចិនបានធ្វើការបង្ហាញជាមុនថា ខ្លួនគ្មានបំណងអនុញ្ញាតឲ្យកិច្ចពិភាក្សា លើវិធានការនេះ ដំណើរការបាននោះទេ។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ី បានចូលរួមជាមួយប្រទេសចិន ក្នុងការរារាំងសំណើទណ្ឌកម្ម ដែលត្រូវការការព្រមព្រៀងជាឯកច្ឆ័ន្ទពីសមាជិកទាំង១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top