ព័ត៌មានអន្តរជាតិ

អង់គ្លេស៖ រុស្ស៊ី គ្រោងបង្កើតមេដឹកនាំ គាំទ្ររុស្ស៊ី នៅអ៊ុយក្រែន

បរទេស៖ ក្រុមមន្ត្រីអង់គ្លេស តានសេចក្តីរាយការណ៍ បាននិយាយនៅក្នុងពេលថ្មីៗនេះថា វិមានក្រឹមឡាំងកំពុងតែ គ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន និងបានធ្វើការពិចារណា ដល់បេក្ខភាពដ៏មានឥទ្ធិពលមួយរូប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមមន្ត្រីអង់គ្លេស បាននិយាយប្រាប់ថា មន្ត្រីរុស្ស៊ី កំពុងតែពិចារណាជ្រើសរើសយកលោក Yevhen Murayev ដែលជាអតីតសមាជិករដ្ឋសភាមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន សម្រេចចិត្តធ្វើការឈ្លានពានទៅលើអ៊ុយក្រែន។

ក្រៅពីនេះ ក្រុមមន្ត្រីអង់គ្លេស ក៏បានបញ្ចេញឈ្មោះរបស់ អតីតអ្នកនយោបាយអ៊ុយក្រែនចំនួន៤រូប ដែលនៅរក្សាទំនាក់ទំនងជាមួយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី គឺអតីតនាយករដ្ឋមន្ត្រី លោក Mykola Azarov អតីតនាយករដ្ឋមន្ត្រីស្តីទី លោក Serhiy Arbuzov អតីតឧបនាយករដ្ឋមន្ត្រីទី១ លោក Andriy Kluyev និងលោក Vladimir Sivkovich ជាអតីតអនុប្រធានក្រុមប្រឹក្សាសន្តិសុខ និងករពារជាតិអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បាននិយាយដូច្នេះថា “ព័ត៌មានដែលចេញនៅថ្ងៃនេះ បង្ហាញពន្លឺពីសកម្មភាពរុស្ស៊ី ដែលរៀបចំឡើងដើម្បី បំផ្លាញប្រទេសអ៊ុយក្រែន និងជាការចក្ខុវិស័យក្នុងគំនិត របស់វិមានក្រឹមឡាំង ហើយប្រទេសរុស្ស៊ី ត្រូវតែបន្ថយ បញ្ចប់យុទ្ធនាការឈ្លានពាន និងការក្លែងបន្លំព័ត៌មានរបស់ខ្លួន និងកាន់យកផ្លូវការទូត” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top