ព័ត៌មានអន្តរជាតិ

ប្រទេសសមាជិកអង្គការណាតូ កំពុងប្រញាប់ប្រញាល់ បញ្ជូននាវា និងយន្តហោះចម្បាំងបន្ថែម ចូលតំបន់អឺរ៉ុបខាងកើត

បរទេស៖ នៅមុននេះ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បានស្នើឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់ ៥ ០០០នាក់ ទៅកាន់តំបន់អឺរ៉ុបខាងកើត។ ការដាក់ពង្រាយដែលបានស្នើឡើងនេះមិនប៉ះពាល់ដល់អ៊ុយក្រែន ដែលក្រុងវ៉ាស៊ីនតោនអះអាងថា កំពុងប្រឈមមុខនឹងការគំរាមកំហែងនៃ “ការឈ្លានពាន” របស់រុស្ស៊ី។ ចំណែករដ្ឋាភិបាល ទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់ទាំងនេះម្តងហើយម្តងទៀត ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អង្គការណាតូបានប្រកាសថា ខ្លួនបានដាក់កងទ័ពរបស់ខ្លួនឱ្យរង់ចាំ និងបញ្ជូននាវាបន្ថែម និងយន្តហោះចម្បាំងទៅកាន់ទីតាំងនៃការដាក់ពង្រាយរបស់សម្ព័ន្ធភាពនៅអឺរ៉ុបខាងកើត។ យោងតាមសេចក្តីថ្លែងការណ៍របស់ប្លុក ការបញ្ជូននេះត្រូវបានជំរុញដោយការចោទប្រកាន់ទៅលើរុស្ស៊ីថា កំពុងបន្ត “ការកសាងយោធានៅក្នុង និងជុំវិញអ៊ុយក្រែន”។

លោក Stoltenberg អគ្គលេខាធិការអង្គការណាតូ បាននិយាយថា «ណាតូនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់ រួមទាំងដោយការពង្រឹងផ្នែកខាងកើតនៃសម្ព័ន្ធមិត្ត។  យើងនឹងឆ្លើយតបជានិច្ចចំពោះការចុះខ្សោយនៃបរិយាកាសសន្តិសុខរបស់យើង រួមទាំងតាមរយៈការពង្រឹងការការពាររួមរបស់យើង»។

ប្រទេសដាណឺម៉ាក និងអេស្ប៉ាញ នឹងបញ្ជូននាវាចម្បាំងទៅកាន់សមុទ្របាល់ទិក និងកងកម្លាំងជើងទឹកសម្ព័ន្ធមិត្តផ្សេងទៀត។ ប្រទេសទាំងពីរ ក៏ដូចជាហូឡង់ ក៏នឹងបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសលីទុយអានី និងប៊ុលហ្គារីផងដែរ។ បារាំងបានបង្ហាញពីការត្រៀមខ្លួនបញ្ជូនទ័ពបន្ថែមទៅប្រទេសរូម៉ានី៕ប្រែសម្រួលៈ ណៃ តុលា

To Top