ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា អ្នកវិទ្យាសាស្ត្រអង់គ្លេស នឹងចាប់ផ្តើមធ្វើតេស្តថ្នាំ គ្រាប់ប្រឆាំងមេរោគ គឺថ្នាំ Merck និង Ridgeback Biotherapeutics molnupiravir ជាការព្យាបាលដែលអាចធ្វើ ទៅបានសម្រាប់អ្នកជំងឺដែល សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលបង្កដោយកូវីដ-១៩ ចំពេលមានការរីករាលដាល ទូទាំងពិភពលោកនៃ វីរុសបំប្លែងខ្លួនថ្មី Omicron ។
ថ្នាំគ្រាប់នេះត្រូវបានអនុម័ត ក្នុងប្រទេសអង់គ្លេសសម្រាប់ ប្រើចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ប៉ុន្តែគេមិនដឹងថាតើ ថ្នាំនេះអាចមានប្រសិទ្ធភាព ចំពោះអ្នកជំងឺដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យដែលមានជំងឺធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ អ្នកស្រាវជ្រាវនៃការសាកល្បងឈ្មោះ RECOVERY បានឲ្យដឹងនៅថ្ងៃចន្ទ ។
ការសិក្សានេះនឹងប្រៀបធៀបកម្រិតថ្នាំ ៨០០មីលីក្រាមនៃថ្នាំ molnupiravir ដែលផ្តល់ឱ្យ ២ដងក្នុង១ថ្ងៃ សម្រាប់រយៈពេល៥ថ្ងៃ ជាមួយនឹងការថែទាំស្តង់ដារ សម្រាប់អ្នកជំងឺពេញវ័យ នៅក្នុងមន្ទីរពេទ្យដោយសារតែកូវីដ-១៩ ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ អ្នកវិទ្យាសាស្ត្រដូចគ្នា ដែលធ្វើការសាកល្បងដ៏ធំបានបង្ហាញថា ថ្នាំ dexamethasone អាចជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ នៅក្នុងអ្វីដែលហៅថា “របកគំហើញដ៏សំខាន់” នៅក្នុងការរាតត្បាតនៃមេរោគឆ្លង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា