ព័ត៌មានអន្តរជាតិ

ថៃ៖ មន្រ្តីប៉ូលីសអាយុទើបតែ២១ឆ្នាំ បើកម៉ូតូ Ducati Monster បុកវេជ្ជបណ្ឌិតម្នាក់ស្លាប់, សម្រេចចិត្តសាងផ្នួស

បរទេស ៖ មហាជនកំពុងតាមដាន មន្រ្តីប៉ូលីសម្នាក់ ដែលបានបើកម៉ូតូ Ducati Monster បុកវេជ្ជបណ្ឌិតស្ត្រីម្នាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន បណ្តាលឱ្យស្លាប់ គឺបានចូលបួស ដើម្បីធ្វើបុណ្យដល់ជនរងគ្រោះ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសនោះឈ្មោះ Norawich Buadok អាយុ ២១ ឆ្នាំ ត្រូវបានបំបួសនៅវត្ត Pariwat Ratchasongkram ក្នុងសង្កាត់ Yannawa ទីក្រុងបាងកកកាលពីរសៀលថ្ងៃច័ន្ទ។

មុនពេលបួស លោកថា លោកចង់ចូលបួស ដើម្បីធ្វើបុណ្យ ជូនលោកស្រីវេជ្ជបណ្ឌិត Waraluck Supawatjariyakul ជាគ្រូពេទ្យឯកទេសភ្នែក នៅមជ្ឈមណ្ឌលភ្នែក Chulalongkorn នៅនាយកដ្ឋានភ្នែក នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Chulalongkorn។

ប៉ូលិសរូបនេះបានបើកម៉ូតូបណ្តាល ឱ្យបុកស្លាប់លោកស្រីវេជ្ជបណ្ឌិត Waraluck Supawatjariyakul នៅលើផ្លូវថ្មើរជើង នៅលើផ្លូវPhaya Thai ក្នុងសង្កាត់ Ratchathewi កាលពីថ្ងៃសុក្រ ។ លោកត្រូវបានចោទប្រកាន់ចំនួន ៧ករណី រួមទាំងការបើកបរធ្វេសប្រហែស បណ្ដាលឲ្យស្លាប់។

ឪពុករបស់ប៉ូលីសខាងលើនេះ ក៏ជាមន្ត្រីនៅប៉ុស្តិ៍ប៉ូលិស Pathumwan ក៏បានចូលសាងផ្នួស ក្នុងឱកាសនេះដែរ ។ ពួកគេទាំង២នាក់ ឪពុកកូន មិនមានគម្រោងសឹកនោះទេ, នេះបើតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top