ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសាធារណការ ស្នើកូរ៉េ ពិនិត្យលទ្ធភាព លើការអភិវឌ្ឍប្រព័ន្ធ ដឹកជញ្ជូន តាមផ្លូវទឹក

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាព លើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេស ប្រើប្រាស់បណ្ដាញផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយចំណាយ លើការដឹកជញ្ជូន និងភស្តុភារកម្ម។

ក្នុងជំនួបសម្តែងការគួរសមពីសំណាក់លោកស្រី Minnie Chey នាយិកា EDCF ថ្មីប្រចាំកម្ពុជា ទើបទទួលការតែងតាំងជំនួសលោកស្រី Lee Hye-Kyung ត្រូវផ្ទេរភារកិច្ចទៅជានាយក EDCF ប្រចាំតំបន់អាស៊ី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានថ្លែងថា «ស្នើឲ្យ EDCF ពិនិត្យលទ្ធភាព លើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសការប្រើប្រាស់បណ្ដាញផ្លូវទឹករបស់កម្ពុជា រួមមាន៖ ទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ដែលជាប្រភពសក្កានុពលសំបូរបែបសម្រាប់វិស័យដឹកជញ្ជូន ដើម្បីកាត់បន្ថយ ចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម»។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមាន៖ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២, ផ្លូវជាតិលេខ២២ និងគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលបានបើកការដ្ឋានសាងសង់នាពេលកន្លងទៅថ្មីៗនេះ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅកម្ពុជា។

ដោយឡែក លោកស្រី នាយិកា EDCF ក៏បានបង្ហាញនូវការតាំងចិត្ត និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឲ្យកាន់ តែមានការរីកចម្រើនបន្ថែមទៀត ផងដែរ៕

To Top