ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងព្យាយាមអូសរុស្ស៊ី ចូលក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន (Video)

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាមអូសទាញ ប្រទេសរបស់លោក (រុស្ស៊ី) ឱ្យចូលទៅក្នុងសង្រ្គាម នៅប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយសំខាន់ៗដំបូង របស់លោកពូទីន អំពីវិបត្តិក្នុងរយៈពេលជាច្រើនសប្តាហ៍ លោកបាននិយាយថា គោលដៅរបស់អាមេរិក គឺប្រើប្រាស់ការប្រឈមមុខដាក់គ្នា ជាលេស ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសរុស្ស៊ី។

លោក ពូទីន ក៏បាននិយាយដែរថា អាមេរិកមិនបានអើពើ ចំពោះការព្រួយបារម្ភរបស់រុស្ស៊ី ចំពោះកងកម្លាំងសម្ព័ន្ធមិត្តណាតូ នៅអឺរ៉ុបឡើយ ។ ភាពតានតឹងមានកម្រិតខ្ពស់ ជុំវិញការដំឡើងទាហានរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ី បានបញ្ជូនកងទ័ពប្រហែល ១០ម៉ឺននាក់ ដែលបំពាក់ដោយអ្វីៗ គ្រប់យ៉ាងចាប់ពីរថក្រោះ និងកាំភ្លើងធំ រហូតដល់គ្រាប់កាំភ្លើង និង ប្រព័ន្ធការពារដែនអាកាស ទៅព្រំដែនអ៊ុយក្រែន។

ប៉ុន្តែរុស្ស៊ីបដិសេធការចោទប្រកាន់ របស់លោកខាងលិច ដែលថាខ្លួនកំពុងរៀបចំផែនការឈ្លានពាន ជិតប្រាំបីឆ្នាំ បន្ទាប់ពីខ្លួនបានបញ្ចូលឧបទ្វីបគ្រីមៀ ភាគខាងត្បូងរបស់អ៊ុយក្រែន និងគាំទ្រការបះបោរបង្ហូរឈាម នៅក្នុងតំបន់ Donbas ភាគខាងកើត៕ ប្រែសម្រួលៈ ណៃ តុលា

To Top