ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្នើប្រទេស លោកខាងលិច បញ្ជូនសព្វាវុធ និងប្រាក់ បន្ថែមទៀត ជាជាងនិយាយ តែពីសង្គ្រាម ដែលអាចនឹងកើតឡើង

បរទេស ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងព័ត៌មាន របស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ប្រទេសលោកខាងលិច នឹងធ្វើបានល្អជាង សម្រាប់ការបញ្ជូនសព្វាវុធ គ្រាប់រំសេវ និង សាច់ប្រាក់ មកឱ្យរដ្ឋាភិបាលទីក្រុងគៀវ ដើម្បីជួយការពារប្រឆាំង នឹងការឈ្លានពាន របស់រុស្ស៊ី ជាជាងការឃោសនាអំពីការបង្កហានិភ័យ នៃសង្គ្រាមដែលនឹងកើតឡើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាល ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងក្នុងអំឡុងពេលបង្ហាញ ខ្លួននៅលើកញ្ចក់ ទូរទស្សន៍អ៊ុយក្រែនប៉ុស្ត 1+1 កាលពីថ្ងៃចន្ទ លោក Alexander Tkachenko បានថ្លឹងថ្លែងលើជំហាន ដែលប្រទេសមួយចំនួន កំពុងធ្វើដើម្បីគាំទ្រអតីតសាធារណរដ្ឋសូវៀត។

លោកបានលើកជាឧទាហរណ៍ថា «ទីតាំងរបស់លោកខាងលិច ពេលខ្លះរំឭកខ្ញុំពីបុរសម្នាក់ ដែលកំពុងអង្គុយក្នុងឡាន ហើយឃើញនរណាម្នាក់ហៀប នឹងត្រូវគេវាយ គាត់បក់ដៃ ហើយនិយាយថា ‘ល្អ ពេលអ្នកត្រូវគេវាយ យើងនឹងហៅរកជំនួយពីគ្រូពេទ្យ»

យោងតាមរដ្ឋមន្ត្រី “ជំនួសឱ្យការពិភាក្សាគ្នា” សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន គួរតែបញ្ឈប់បំពង់បង្ហូរប្រេង Nord Stream 2 ដ៏ចម្រូងចម្រាស ផ្តល់ “អាវុធបន្ថែមទៀតពីប្រទេសនានា” ដែលមិនផ្តល់គ្រឿងសព្វាវុធ និងផ្តល់ “ជំនួយក្នុងទម្រង់នៃការធានាសេដ្ឋកិច្ច”។

ការលើកឡើងរបស់លោក Tkachenko ធ្វើឡើងបន្ទាប់ ពីមានការថ្កោលទោសពីទីក្រុងគៀវ ជុំវិញការបដិសេធ របស់ប្រទេសអាល្លឺម៉ង់​ក្នុងការអនុញ្ញាតឱ្យផ្ទេរ អាវុធធុនធ្ងន់ទៅកាន់ប្រទេសនេះ ដោយបានសម្តែងការរិះគន់ ចំពោះមុខការឈ្លានពាន របស់រុស្ស៊ីដែលជិតមកដល់។ កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូត អ៊ុយក្រែន ប្រចាំប្រទេសអាឡឺម៉ង់ លោក Andrey Melnik បានរិះគន់ទី ក្រុងប៊ែរឡាំង ចំពោះការសម្រេច ចិត្តរបស់ខ្លួនក្នុងការ ផ្តល់មួកយោធា ចំនួន 5,000 ទោះបីជាប្រទេសអឺរ៉ុប ខាងកើត មានការស្នើសុំគ្រឿង សព្វាវុធក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top