ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សាទរការឆ្លើយតបភ្លាមៗ ពីតួកគី ក្នុងការផ្គត់ផ្គង់ បច្ចេកវិទ្យា ដ្រូនយោធា

បរទេស ៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសស្វាគមន៍និងសាទរ យ៉ាងខ្លាំង ចំពោះការផ្តល់ឲ្យពីសំណាក់ ប្រធានាធិបតីតួកគីលោក Tayyip Erdogan ក្នុងអំឡុង ពេលបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ។

លោក Erdogan បានសន្យាក្នុងការផ្គត់ផ្គង់ភ្លាមៗទៅឲ្យអ៊ុយក្រែននូវបច្ចេកវិទ្យាដ្រូន សម្រាប់ប្រឈមមុខទៅនឹង ភាពតានតឹងជាមួយនឹងរុស្សីហើយប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ថា នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចបញ្ចប់ទៅ នៃវិបត្តិអ៊ុយក្រែននិងរុស្សីនេះទៅបានដោយសន្តិវិធី។

អ៊ុយក្រែនក៏បានឈាន ទៅដល់កិច្ចព្រមព្រៀងជាមួយនឹងតួកគីផងដែរ ក្នុងការផលិតយន្តហោះដ្រូន ចេញពីរោងចក្ររបស់ខ្លួន គឺជាដ្រូនដែលអ៊ុយក្រែន ធ្លាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុមឧទ្ទាម ដែលគាំទ្រដោយរុស្សីនៅតំបន់ Donbass នាពេលកន្លងមក ៕

គួរឲ្យដឹងដែរថា កន្លងមកអ៊ុយក្រែន និង តួកគីក៏បានធ្វើការចុះកិច្ចព្រមព្រៀង ទៅលើពាណិជ្ជកម្មសេរីរវាងគ្នាផងដែរ ដើម្បីឲ្យទំហំពាណិជ្ជកម្ម រវាងគ្នាកើនឡើង ដល់១០ពាន់លានដុល្លារ ខណៈដែលបច្ចុប្បន្នធ្វើបានត្រឹមតែ ៧ពាន់លានដុល្លារ ប៉ុណ្ណោះក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top