ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងបារម្ភចំពោះ ប្រទេសរុស្ស៊ី និងចិន ដែលកាន់តែជិតស្និទ្ធជាមួយគ្នា

មូស្គូ៖ មេដឹកនាំរុស្ស៊ី និងចិន បានជួបគ្នានៅខាងក្រៅ ពិធីបើកកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ដើម្បីបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ ក្នុងការប្រឈមមុខ នឹងសម្ពាធរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការចាប់អារម្មណ៍ ពីប្រព័ន្ធផ្សព្វផ្សាយនៅលោកខាងលិច។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃសៅរ៍ថា ការភ័យខ្លាចកំពុងកើនឡើង នៅក្នុងសហរដ្ឋអាមេរិកដែលថា ប្រទេសរុស្ស៊ី កំពុងខិតទៅជិតប្រទេសចិន។

លោក Antonov បាននិយាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់ Solovyov Live ថា “ជាការពិតណាស់ សារ [ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ] គឺអវិជ្ជមានខ្លាំងណាស់។ មានការព្រួយបារម្ភយ៉ាងច្បាស់ អំពីប្រទេសរុស្ស៊ី និងប្រទេសចិន ដែលខិតទៅជិតគ្នា” ។

ដំណឹងនេះកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ទាក់ទងនឹងស្ថានការណ៍ ក្នុងប្រទេសអ៊ុយក្រែន ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភ អំពីការបង្កើនយោធារុស្ស៊ី នៅព្រំដែនអ៊ុយក្រែន ហើយអង្គការណាតូ បានជំរុញឱ្យសម្ព័ន្ធមិត្ត បង្កើនការគាំទ្រផ្នែកយោធារបស់ពួកគេ សម្រាប់ទីក្រុងគៀវ៕ ប្រែសម្រួលៈ ណៃ តុលា

To Top