ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ស្លាប់១៤ និងរបួស៣០នាក់ ដោយសារគ្រោះបាក់ដី នៅកូឡុំប៊ី

ប៊ូហ្គូតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា អាជ្ញាធរក្នុងតំបន់ បានឲ្យកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់១៤នាក់ បានស្លាប់និង៣០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងពេលមានករណី បាក់ដីនៅទីក្រុង Dosquebradas ភាគខាងលិចនៃតំបន់ Risaralda ប្រទេសកូឡុំប៊ី ។

លោក Alvaro Arias លេខារដ្ឋាភិបាលនៃទីក្រុង Pereira បានឲ្យដឹងថា “មានមនុស្ស១៤នាក់បានស្លាប់ ក្នុងចំណោមពួកគេ ជាអនីតិជន២នាក់ និងមនុស្សជាង ៣០នាក់បានរងរបួស ខ្លះរបួសធ្ងន់” ។

មន្ត្រីដដែលក៏បានលើកឡើងផងដែរថា មានមនុស្សជាច្រើននាក់នៅតែបាត់ខ្លួន បន្ទាប់ពីការគ្រោះបាក់ដី ដែលបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ។

លោក Manuel Tamayo អភិបាលក្រុង Risaralda Victor បានពន្យល់ថា ភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបណ្តាលឱ្យមានគ្រោះបាក់ដីកើតឡើង បំផ្លាញផ្ទះសម្បែង នៅតាមដងផ្លូវទៀតផង ។

លោក Tamayo បានលើកឡើងថា “ដំណើរការជម្លៀស និងការផ្លាស់ទីលំនៅ ត្រូវតែត្រូវបានអនុវត្ត” ដោយសារតែហានិភ័យ នៃការបាក់ដីកាន់តែខ្លាំងឡើងៗ ។

បុគ្គលិកស្វែងរក និងជួយសង្គ្រោះមកពីអង្គភាពប៉ូលិស ការពារជនស៊ីវិល កងទ័ព អង្គភាពនពន្លត់អគ្គីភ័យ និងការិយាល័យរដ្ឋ សម្រាប់ការគ្រប់គ្រង ហានិភ័យគ្រោះមហន្តរាយ ក្នុងចំណោមអ្នកផ្សេងទៀត ស្ថិតនៅកន្លែងគ្រោះមហន្តរាយនោះនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top