ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក ដកចេញនូវពន្ធបន្ថែម ទណ្ឌកម្ម និងវិធានការបង្ក្រាបផ្សេងទៀត មុនកាលកំណត់

ប៉េកាំង ៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដកចេញនូវពន្ធបន្ថែម ការដាក់ទណ្ឌកម្ម និងវិធានការបង្ក្រាបផ្សេងទៀត ប្រឆាំងនឹងទីក្រុងប៉េកាំង ឲ្យបានមុនកាលកំណត់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

ប្រទេសចិន បានខិតខំជំរុញ ការអនុវត្តរួមគ្នា នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដំណាក់កាលទី១ របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីកិច្ចព្រមព្រៀងនេះ ចូលជាធរមាន។ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សន្និសីទ សារព័ត៌មានមួយថា ខ្លួនបានយកឈ្នះលើផល ប៉ះពាល់អវិជ្ជមានជាច្រើននៃជំងឺរាតត្បាតកូវីដ-១៩ វិបត្តិសេដ្ឋកិច្ចសកល និង រំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

លោក Gao បានអំពាវនាវឱ្យមានសកម្មភាពពីសហរដ្ឋអាមេរិក ដើម្បីបង្កើតបរិយាកាសអំណោយផល និងលក្ខខណ្ឌល្អ សម្រាប់ភាគីទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ លោកបានបន្ថែមថា ក្រុម សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃ ភាគីទាំងពីរ កំពុងធ្វើការទំនាក់ ទំនង ជា ប្រចាំ។

ប្រទេសចិន និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីខែមករា ឆ្នាំ២០២០ បន្ទាប់ពីមានការចរចាអស់រយៈពេលជិតពីរឆ្នាំ ដោយសហរដ្ឋ អាមេរិក បានសន្យាលុបចោលពន្ធបន្ថែម មួយចំនួនរបស់ ខ្លួនលើផលិតផល ចិន។

កិច្ចព្រមព្រៀងនេះមានចាប់ពីការពង្រីក ពាណិជ្ជកម្មទ្វេភាគីក្នុងវិស័យដូចជាផលិតផលកសិកម្ម ទំនិញផលិត ថាមពល និងសេវាកម្ម ការពង្រីកទីផ្សារបន្ថែមទៀត ដល់ការលើកកម្ពស់ ការការពារកម្មសិទ្ធិបញ្ញា៕

ដោយ ឈូក បូរ៉ា

To Top