ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី នឹងទិញយន្តហោះចម្បាំង ចំនួន៤២គ្រឿង និងនាវាមុជទឹក ចំនួន២គ្រឿង ពីបារាំង

ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឥណ្ឌូនេស៊ី នឹងទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿង និងនាវាមុជទឹកប្រភេទ Scorpene-class ចំនួន២គ្រឿង ពីប្រទេសបារាំង ដើម្បីធ្វើបច្ចុប្បន្នភាព ឧបករណ៍ការពាររបស់ខ្លួន ។
កិច្ចព្រមព្រៀងនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួង ការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បានជួបសមភាគីបារាំងលោក Florence Parly នៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង ត្រូវបានចុះហត្ថលេខា ដោយនាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតយន្តហោះបារាំង Dassault Aviation លោក Eric Trappier និងប្រធានទីភ្នាក់ងារ ហេដ្ឋារចនាសម្ព័ន្ធការពារ នៃក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Yusuf Jauhari ។

“យើងបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទិញ យន្តហោះចម្បាំងចំនួន៦គ្រឿងជាមុន ។ នៅសល់៣៦គ្រឿងនឹងត្រូវទិញនាពេលខាងមុខ ។ យើងក៏នឹងគាំទ្រគ្នាទៅវិញ ទៅមកក្នុងការហ្វឹកហាត់ សព្វាវុធ” លោក Subianto បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននិម្មិតបន្ទាប់ ពីកិច្ចប្រជុំទ្វេភាគីថាយ៉ាងដូច្នេះ ។

ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀងទិញ នាវាមុជទឹកប្រភេទ Scorpene-class ចំនួន២គ្រឿង ត្រូវបាន ចុះហត្ថលេខា ដោយក្រុមហ៊ុនសាងសង់កប៉ាល់រដ្ឋ របស់ប្រទេសឥណ្ឌូនេស៊ី ឈ្មោះថា PT PAL និងក្រុមហ៊ុន NAVAL Group របស់ប្រទេសបារាំង ។

ឥណ្ឌូណេស៊ី បច្ចុប្បន្នកំពុង កែលម្អហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន រួមទាំងប្រព័ន្ធ អាវុធបឋម និងឧបករណ៍សន្តិសុខ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពការពាររបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top