ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសជាង១០ នាក់ក្រោយមាន ករណីផ្ទុះដ៏កក្រើកនៅភាគខាងលិច អាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា មនុស្សម្នាក់ត្រូវបានគេអះអាងថា បានស្លាប់និង១៤នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីមានករណីបំផ្ទុះនៅមុខវិហារឥស្លាមធំមួយនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ។ ប្រធានសុខភាពខេត្ត លោក Mohammad Asif Qanet បានលើកឡើងឲ្យដឹងនៅថ្ងៃសុក្រនេះ ។

លោក Qanet បានលើកឡើងថា អ្នកស្លាប់និងអ្នករបួស១៤នាក់ ដែលក្នុងនោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការបំផ្ទុះដែលបានកើតឡើងនៅច្រកទ្វារសំខាន់នៃវិហារអ៊ីស្លាមក្នុងទីក្រុង Qala-e-Naw រដ្ឋធានីនៃខេត្ត Badghis ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ។

មន្ត្រីរូបនេះបានឲ្យដឹងទៀតថា កុមារ៤នាក់ស្ថិតក្នុងចំណោមអ្នករងរបួស ។

លោក Baz Mohammad Sarwari ប្រធានផ្នែកព័ត៌មាន និងវប្បធម៌នៃខេត្ត Badghis ក៏បានបញ្ជាក់អំពីការបំផ្ទុះនេះផងដែរ ដោយនិយាយថា ការបំផ្ទុះបានកើតឡើងនៅម៉ោង២និង០០រសៀល ម៉ោងក្នុងស្រុក និងការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមឡើង ។

យោងតាមលោក Sarwari ជនសង្ស័យចំនួន១០នាក់ត្រូវបានចាប់ខ្លួន ហើយមិនមានក្រុម ឬបុគ្គលណាមួយចេញមុខទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះនោះទេ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top