ព័ត៌មានអន្តរជាតិ

អាមេរិក ប្រាប់ពលរដ្ឋ ខ្លួនឱ្យចាកចេញពី ប្រទេសបេឡារុស ជាបន្ទាន់

បរទេស ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជំរុញឱ្យពលរដ្ឋអាមេរិក ចាកចេញពីប្រទេសបេឡារុស “ជាបន្ទាន់” ដោយចង្អុល ទៅការកសាងយោធារុស្ស៊ី នៅជិតព្រំដែនរបស់ប្រទេសជាមួយអ៊ុយក្រែន ចំពេលមានការព្យាករណ៍ម្តង ហើយម្តងទៀត អំពីការឈ្លានពាន ដោយទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីណែនាំ អំពីការធ្វើដំណើរ ដែលបានធ្វើបច្ចុប្បន្នភាព នៅល្ងាចថ្ងៃចន្ទ ដោយព្រមានពលរដ្ឋអាមេរិក ឱ្យជៀសវាងការធ្វើដំណើរ ទៅកាន់ប្រទេសបេឡារុស “ដោយសារតែការអនុវត្តច្បាប់ដោយបំពាន ហានិភ័យ នៃ ការឃុំខ្លួន” ក៏ដូចជា “ភាពមិនប្រក្រតី និងពាក់ព័ន្ធ នឹងការបង្កើនយោធា របស់រុស្ស៊ីនៅតាមព្រំដែន នៃប្រទេសបេឡារុសជាមួយអ៊ុយក្រែន”។

ក្រសួងការបរទេសអាមេរិក បានបន្ថែមថា “ពលរដ្ឋអាមេរិកនៅក្នុងប្រទេសបេឡារុស គួរតែចាកចេញជាបន្ទាន់ តាមមធ្យោបាយពាណិជ្ជកម្ម ឬឯកជន”។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានជម្លៀសក្រុមគ្រួសារបុគ្គលិកការ ទូតចេញពីស្ថានទូត របស់ខ្លួននៅទីក្រុង Minsk ហើយបានចេញការព្រមាន ជាមុនដល់ពលរដ្ឋ ខ្លួនអំពីការធ្វើដំណើរ ទៅកាន់ប្រទេសនេះ ចំពេលមានភាពតានតឹង កើនឡើងជាមួយរុស្ស៊ី។ អ្នកការទូតអាមេរិកនៅអ៊ុយក្រែន ក៏ត្រូវបានដកចេញកាលពីពេលថ្មីៗនេះដែរ ដោយសារការភ័យខ្លាច នៃអរិភាព៕
ប្រែសម្រួលៈ ណៃ តុលា

To Top