ព័ត៌មានអន្តរជាតិ

អង់គ្លេស មើលឃើញពីការគំរាមកំហែង លើកោះតៃវ៉ាន់ បើសិនមហាអំណាចលោកខាងលិច បរាជ័យមិនព្រមធ្វើតាមការសន្យាចំពោះ អ៊ុយក្រែន ទេនោះ

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា លោក លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រសិនបើប្រទេសលោកខាងលិច បរាជ័យក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្នុងការគាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែន វានឹងផ្តល់ផលវិបាកដ៏អាក្រក់នៅទូទាំងពិភពលោក រួមទាំងកោះតៃវ៉ាន់ផងដែរ ។

គេបានដឹងថា កងទ័ពរុស្សី មានចំនួនច្រើននៅជិតព្រំដែនអ៊ុយក្រែន ហើយប្រធានាធិបតី ប្លាឌីមៀ ពូទីន បានចាប់ផ្តើមធ្វើសមយុទ្ធដោយកងកម្លាំងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ប៉ុន្តែរុស្ស៊ី បានច្រានចោលការព្រួយបារម្ភរបស់លោកខាងលិចដែលថា ខ្លួនត្រៀមខ្លួនដើម្បីឈ្លានពាន ។

លោក Johnson បានប្រាប់ដល់សន្និសីទសន្តិសុខក្នុងទីក្រុង Munich ថា “យើងមិនដឹងច្បាស់ពីអ្វីដែលលោកប្រធានាធិបតីពូទីន មានបំណងនោះទេ ប៉ុន្តែប្រផ្នូលគឺអាក្រក់ណាស់” ។

លោកបានឲ្យដឹងទៀតថា “ប្រសិនបើអ៊ុយក្រែន មានគ្រោះថ្នាក់ ភាពតក់ស្លុតនឹងបន្ទរដល់ជុំវិញពិភពលោក ។ ហើយបន្ទរទាំងនោះនឹងត្រូវបានឮនៅក្នុងតំបន់អាស៊ីខាងកើត នឹងត្រូវបានឮនៅកោះតៃវ៉ាន់ ផងដែរ” ។ “ក្រុមមនុស្សនឹងទាញការសន្និដ្ឋានថា ការឈ្លានពានពិតជាអាចកើតមាន ហើយនោះប្រហែលជារឿងស្មានត្រូវហើយ” ៕

To Top