ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ: វិបត្តិនៅអ៊ុយក្រែន ជាការធ្វើការសាកល្បង ភាពជាដៃគូ រវាងចិន និងរុស្ស៊ី

ប៉េកាំង៖ ការបង្កើនយោធារបស់រុស្ស៊ី នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយប្រទេសអ៊ុយក្រែន កំពុងសាកល្បងលទ្ធភាពនៃខ្សែអ័ក្ស រវាងរដ្ឋាភិបាល ទីក្រុងម៉ូស្គូ-ប៉េកាំង តម្រង់ប្រឆាំងនឹងអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួបរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ក្នុងខែនេះ បានជំរុញឱ្យមានការរំពឹងទុកថា សម្ព័ន្ធភាពថ្មី អាចបង្កើតបាន រវាងមហាអំណាចទាំងពីរ នៅពេលពួកគេប្រឈមមុខ ជាមួយសហរដ្ឋអាមេរិក លើវិសាលភាពនៃបញ្ហា។

រុស្ស៊ី និងចិន បានគាំទ្រជំហររបស់គ្នា ទៅវិញទៅមក លើការប្រឆាំងនឹងការពង្រីក អង្គការណាតូ នៅក្នុងអតីតសាធារណរដ្ឋសូវៀត និងសង្កត់ធ្ងន់លើការទាមទាររបស់ចិន ចំពោះកោះតៃវ៉ាន់ដែលគ្រប់គ្រង ដោយខ្លួនឯង។ ប៉ុន្តែទំនាក់ទំនង នៅតែមានភាពរអាក់រអួល។ ការកើនឡើងនូវទំនុកចិត្ត របស់ប្រទេសចិន ក្នុងនាមជាកម្លាំងសេដ្ឋកិច្ច និងនយោបាយ ផ្ទុយទៅនឹងភាពឯកោ ដែលកំពុងកើនឡើងរបស់រុស្ស៊ី និងងាកទៅរក យុទ្ធសាស្ត្រនៃសង្រ្គាមត្រជាក់ នៃការបំភិតបំភ័យ និងការសម្លុត។

ចិនក៏នៅតែប្រឆាំងនឹងសកម្មភាព ដែលអាចបំផ្លាញមហិច្ឆតា ទឹកដីរបស់ខ្លួន ចាប់ពីសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ រហូតដល់ព្រំដែនឥណ្ឌា។ ចិនមិនបានរិះគន់ រុស្ស៊ីជុំវិញទង្វើរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែនទេ ហើយបានចូលរួម ក្នុងការវាយប្រហារដោយ ពាក្យសំដីលើ ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ថែមទៀត។

ថ្លែងទៅកាន់សន្និសីទសន្តិសុខ ទីក្រុង Munich កាលពីចុងសប្តាហ៍ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានរិះគន់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា ជា “អំណាចជាក់លាក់មួយ” នៃ “ការបំផុសគំនិតប្រឆាំង” ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ប្រធានសន្និសីទ លោក Wolfgang Ischinger លោក Wang បាននិយាយថា “អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសណាមួយ គួរតែត្រូវបានគោរព និងការពារ ពីព្រោះនេះគឺជាបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ”។

លោក Wang បានបន្ថែមថា “អ៊ុយក្រែន គឺមិនមានករណី លើកលែងនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top