ព័ត៌មានអន្តរជាតិ

Update៖ យោធាអ៊ុយក្រែន អះអាងថា កងទ័ពរុស្ស៊ី វាយលុកចូលមកគៀក នឹងក្រុងគៀវ តែត្រូវកម្លាំងរបស់ខ្លួន វាយបកវិញ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០២២ថា យោធាអ៊ុយក្រែនបានឲ្យដឹង នៅព្រឹកថ្ងៃសៅរ៍នេះថា ទាហានរុស្ស៊ី បានវាយប្រហារមកលើមូលដ្ឋានទ័ព ដែលមានទីតាំងនៅលើវិថីសំខាន់មួយ ក្នុងរដ្ឋធានី គៀវ (Kyiv) របស់អ៊ុយក្រែន ប៉ុន្តែការវាយប្រហារនេះ ត្រូវបានវាយបកវិញផងដែរ ។

ដោយឡែក បើយោងតាមទីភ្នាក់ងារ Interfax Ukraine បានឲ្យដឹងថា ទាហានរុស្ស៊ី កំពុងព្យាយាមចាប់យកស្ថានីយ៍ ផលិតអគ្គិសនីមួយក្នុងទីក្រុងនោះ ។

នៅប៉ុន្មានម៉ោងមុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានព្យាករណ៍ថា ទាហានរុស្ស៊ី នឹងវាយប្រហារពេញមួយយប់តែម្តង ។

កងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានលើកឡើងនៅក្នុងការបង្ហោះ ជាភាសាអង់គ្លេស នៅលើបណ្តាញសង្គម Facebook ថា “ឧក្រិដ្ឋជនយោធានៃប្រទេសរុស្ស៊ី បានវាយប្រហារទៅលើ អង្គភាពយោធាមួយ ក្នុងទីក្រុង Kiev នៅលើវិថី Victory ។ ការវាយប្រហារនេះ ត្រូវបានវាយបកវិញ” ។

កងកម្លាំងរបស់អ៊ុយក្រែន មិនបានផ្តល់ព័ត៌មានលម្អិតទេ ហើយរបាយការណ៍ មិនអាចបញ្ជាក់បានភ្លាមៗនោះទេ។

គួរបញ្ជាក់ថា ក្រុងPeremohy ឬហៅថា Victory, Avenue មានទីតាំងនៅភាគខាងលិច នៃកណ្តាលទីក្រុង Kyiv ។

អ្នកកាសែតមកពីទីភ្នាក់ងារ AFP បានលើកឡើងថា មានការផ្ទុះយ៉ាងខ្លាំងដែលបានឮ នៅកណ្តាលទីក្រុង Kyiv នៅព្រឹកថ្ងៃសៅរ៍នេះ ។

នៅក្នុងប៉ុស្តិ៍ដាច់ដោយឡែកមួយ កងទ័ពបានលើកឡើងថា “ការប្រយុទ្ធគ្នាយ៉ាងខ្លាំង” កំពុងដំណើរការនៅទីក្រុង Vasylkiv ភាគខាងត្បូងនៃទីក្រុង Kyiv ដោយបន្ថែមថា រុស្ស៊ីកំពុង “ព្យាយាមចុះចតទាហានឆ័ត្រយោង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top