ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញាថា នឹងមិនសម្រុះសម្រួលលើបន្ទាត់ក្រហមក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅក្រុងវីយែននោះឡើយ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នឹងមិនសម្របសម្រួលលើបន្ទាត់ក្រហមរបស់ខ្លួន នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ដែលមានបំណងដោះស្រាយបញ្ហាជុំវិញការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell កាលពីថ្ងៃសៅរ៍ លោក Abdollahian បានសង្កត់ធ្ងន់ថា ជម្រើសច្បាស់លាស់របស់អ៊ីរ៉ង់ ក្នុងកិច្ចចរចានុយក្លេអ៊ែរ គឺ “មិនត្រូវឆ្លងកាត់បន្ទាត់ក្រហមរបស់ខ្លួនឡើយ”។

ដោយសរសើរកិច្ចខិតខំប្រឹងប្រែងរបស់លោក Borrell ក្នុងបញ្ហានេះ លោក Abdollahian បានរំលឹកឡើងវិញនូវការតាំងចិត្តរបស់ប្រទេសខ្លួនសម្រាប់កិច្ចព្រមព្រៀងដ៏ល្អមួយក្នុងក្របខ័ណ្ឌនៃផលប្រយោជន៍ជាតិរបស់ខ្លួនជាមួយនឹងក្រុម P4+1 រួមមានចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ ដោយលើកឡើងថា ខ្លួនត្រូវការការសម្រេចចិត្តខាងនយោបាយរបស់ភាគីម្ខាងទៀត ដើម្បីធ្វើកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន។

លោកបានកត់សម្គាល់ថា បញ្ហាដែលនៅសេសសល់អាចដោះស្រាយបាន ហើយកិច្ចព្រមព្រៀងចុងក្រោយអាចឈានដល់ “ប្រសិនបើវិធីសាស្រ្តជាក់ស្តែងត្រូវបានជ្រើសយកដោយលោកខាងលិច” ។

សម្រាប់ផ្នែករបស់គាត់ លោក Borrell បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងអស់ក្នុងការចរចា ដោយសង្កត់ធ្ងន់ថា កិច្ចចរចានៅទីក្រុងវីយែន បានឈានដល់ដំណាក់កាលសំខាន់មួយ ហើយទាមទារឱ្យមានការសម្រេចចិត្តដ៏ធ្ងន់ធ្ងរពីភាគីទាំងអស់៕

ប្រែសម្រួលដោយ ឈូក បូរ៉ា

To Top