ថ្ងៃទី២៨ ខែកុម្ភៈ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ«របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ២០២១» ក្នុងន័យលាតត្រដាងនូវសភាណការណ៍រំលោភសិទ្ធិមនុស្សរបស់អាមេរិក ។
របាយការណ៍នេះមានអក្សរសរុបប្រហែល១ម៉ឺន៥ពាន់តួ ក្រៅពីបុព្វកថា មាន៦ចំណែក ពោលគឺ៖ ការលេងកលល្បិចក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩បានបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ការចចេសអនុវត្តគំនិតហិង្សានិងបង្កការគំរាមកំហែងដល់សុវត្ថិភាពអាយុជីវិត ការលេងល្បែងប្រជាធិបតេយ្យលាក់ពុតនិងរំលោភសិទ្ធិនយោបាយ ការបណ្តែតបណ្តោយការរើសអើងពូជសាសន៍ដែលបណ្តាលឱ្យមានវិសមភាពសង្គមកាន់តែធ្ងន់ធ្ងរ ការធ្វើផ្ទុយនឹងមនុស្សធម៌និយមនិងបង្កជាវិបតិ្តជនអន្តោប្រវេសន៍ និងការប្រើប្រាស់ដោយផ្តេសផ្តាសនូវការដាក់ទណ្ឌកម្មដោយកម្លាំងអាវុធនិងរំលោភសិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀត ។
របាយការណ៍បានលើកឡើងថា នៅឆ្នាំ២០២១ សភាពការណ៍សិទ្ធិមនុស្សដ៏អាក្រក់របស់អាមេរិកមានភាពអាប់អួថែមមួយកម្រិតទៀត ។ អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ១៩សរុប ៣៤លាន៥សែន១ម៉ឺនករណីនិងករណីស្លាប់ដល់ទៅ ៤៨ម៉ឺននាក់ ទិន្នន័យទាំងពីរនេះសុទ្ធតែកាន់លំដាប់ថ្នាក់លេខមួយក្នុងចំណោមបណ្តាប្រទេសនានានៅលើពិភពលោក ។ ចំនួនមនុស្សស្លាប់បាត់បង់ជីវិតក្នុងព្រឹតិ្តការណ៍បាញ់កាំភ្លើងបានបំបែកកំណត់ត្រាថ្មី ការអនុវត្តច្បាប់ដោយកម្លាំងហិង្សាធ្វើឱ្យជនអន្តោប្រវេសន៍មានជីវភាពរស់នៅកាន់តែលំបាកលំបិន ។
របាយការណ៍នេះបានលើកឡើងទៀតថា ឆ្នាំ២០២១ រូបភាពរបស់អាមេរិកដែលជា ““អ្នកគាំពារសិទ្ធិមនុស្ស”បានផ្តួលរលំទាំងស្រុង ក្នុងមហាសន្និបាតលើកទី៤៨នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានប្រទេសជាច្រើនបានរិះគន់អាមេរិកថាជា “អ្នកបំផ្លិចបំផ្លាញខ្លាំងបំផុតនៃបុព្វហេតុសិទ្ធិមនុស្សជាសកល ” ព្រមទាំងដាស់តឿនឱ្យអាមេរិកដោះស្រាយបញ្ហាសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួន ៕ វិទ្យុមិត្តភាពកម្ពុជាចិន