ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តទំនង ជាជំរុញឱ្យមានការឆ្លងជំងឺកូវីដ-១៩ កាន់តែខ្ពស់ ហើយជាលទ្ធផលបង្កើនហានិភ័យ នៃមនុស្សមួយចំនួនធំវិវត្ត ទៅជាជំងឺធ្ងន់ធ្ងរ។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesu បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា “WHO មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពអាសន្នផ្នែកមនុស្សធម៌ ដែលកើតឡើងនៅក្នុង ប្រទេសអ៊ុយក្រែន” ។
លោកបន្ដថា “មុនពេលមានជម្លោះ អ៊ុយក្រែន បានជួបប្រទះនឹងការកើនឡើង នៃករណីឆ្លងជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។ អត្រាទាបនៃការធ្វើតេស្តចាប់តាំងពី ការចាប់ផ្តើមនៃជម្លោះមានន័យថា ទំនងជាមានការឆ្លង ដែលមិនអាចរកឃើញ គួរឱ្យកត់សម្គាល់”។

លោកបន្ថែមថា “គួបផ្សំជាមួយនឹងការគ្របដណ្តប់ លើការចាក់ថ្នាំបង្ការទាប វាបង្កើនហានិភ័យនៃការ ឆ្លងកាន់តែខ្ពស់។ លោកថា មនុស្សមួយចំនួនធំ ដែលវិវត្តទៅជាជំងឺធ្ងន់ធ្ងរ” លោកបានបន្ថែមថា កង្វះអុកស៊ីសែនដ៏សំខាន់ នឹងជះឥទ្ធិពលដល់សមត្ថភាពព្យាបាលអ្នកជំងឺ ដែលមានជំងឺកូវីដ-១៩ និងលក្ខខណ្ឌជាច្រើនទៀត។
ប្រធានអង្គការ WHO បានបញ្ជាក់បន្ថែមថា យោងតាមឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន គិតត្រឹមថ្ងៃអង្គារ មនុស្សជាង ៨៧០,០០០នាក់ បានចាកចេញពីអ៊ុយក្រែន ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងឆាប់រហ័ស។ “ចលនាប្រជាជនដ៏ច្រើនទំនង ជារួមចំណែកបន្ថែមទៀត ដល់ការឆ្លងនៃជំងឺកូវីដ-១៩ ដែលអាចបង្កើនសម្ពាធលើប្រព័ន្ធសុខាភិបាល នៅក្នុងប្រទេសជិតខាង” ៕
ប្រែសម្រួល ឈូក បូរ៉ា
