វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាអំពីការដាក់ ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី នៅក្នុងការសន្ទនាតាមទូរស័ព្ទ ។
លោក Kuleba និងលោក Blinken ក៏បានឲ្យដឹងផងដែរអំពី ការផ្គត់ផ្គង់អាវុធការពារថ្មី សម្រាប់អ៊ុយក្រែនផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Kuleba បានសង្កត់ធ្ងន់ថា អ៊ុយក្រែនប្តេជ្ញាស្វែងរកមធ្យោបាយការទូត សម្រាប់ដោះស្រាយជម្លោះជាមួយរុស្ស៊ី ប៉ុន្តែសម្ព័ន្ធមិត្តរបស់ទីក្រុងគៀវ ត្រូវតែបង្ហាញឯកភាពក្នុងការ បង្កើនសម្ពាធលើរុស្ស៊ី “រហូតដល់ទីក្រុងម៉ូស្គូបង្ហាញការត្រៀមខ្លួន សម្រាប់ការចរចាប្រកបដោយការស្ថាបនា”។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន គណៈប្រតិភូអ៊ុយក្រែន កាលពីថ្ងៃពុធបានចេញដំណើរ សម្រាប់កិច្ចចរចាជុំទីពីរជាមួយរុស្ស៊ី ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅព្រំដែន បេឡារុស្ស-ប៉ូឡូញ ៕
ប្រែសម្រួល ឈូក បូរ៉ា
