ព្រុចសែល ៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មលើ បុគ្គលចំនួន ២២រូបបន្ថែមទៀត និងការរឹតបន្តឹងបន្ថែមទៀត លើពាណិជ្ជកម្មប្រឆាំងនឹងបេឡារុស្ស ជុំវិញតួនាទីរបស់ខ្លួន នៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ក្រុមប្រឹក្សាបានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តដាក់ “វិធានការរឹតបន្តឹងគោលដៅ លើសកម្មភាពបំផ្លាញ ឬគំរាមកំហែងដល់បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន” ។
ទណ្ឌកម្មត្រូវបានចេញប្រឆាំង នឹងសមាជិកជាន់ខ្ពស់ ២២នាក់នៃបុគ្គលិកយោធាបេឡារុស្ស “ដោយមើលឃើញពីតួនាទី របស់ពួកគេ នៅក្នុងការសម្រេចចិត្ត និងដំណើរការរៀបចំផែនការយុទ្ធសាស្រ្ត ដែលនាំឱ្យមានការចូលរួមរបស់បេឡារុស្ស ក្នុងការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន” ។
ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចុះបញ្ជីសមាជិកយោធាបេឡារុស្សចំនួន ២០នាក់ រួចហើយនៅក្នុងបរិបទដូចគ្នា កាលពីខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Josep Borrell តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខបានលើកឡើងថា “ជាមួយនឹងវិធានការទាំងនេះ យើងកំពុងកំណត់គោល ដៅទៅលើ អ្នកនៅក្នុងប្រទេសបេឡារុស្ស ដែលសហការជាមួយ នឹងការវាយប្រហារទាំងនេះ ប្រឆាំងនឹងអ៊ុយក្រែន និងការរឹតបន្តឹងពាណិជ្ជកម្មក្នុង វិស័យសំខាន់ៗមួយចំនួន”៕
ប្រែសម្រួល ឈូក បូរ៉ា
