ព័ត៌មានអន្តរជាតិ

Update: ទីបំផុត! រុស្ស៊ី ត្រួតត្រាបានក្រុង សំខាន់របស់អ៊ុយក្រែន នៅភាគខាងត្បូង

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ថា អភិបាលក្រុងបានថ្លែងថា កងកម្លាំងរុស្ស៊ី បានដណ្តើមកាន់កាប់ទីក្រុងកំពង់ផែសំខាន់មួយនៅភាគខាងត្បូងអ៊ុយក្រែន។

ក្រុង Kherson គឺជាទីក្រុងសំខាន់ដំបូងគេដែលត្រូវបានរុស្ស៊ី ដណ្តើមយក បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីរុស្ស៊ីបានលុកលុយកាលពីមួយសប្តាហ៍មកដល់ពេលនេះ ។

លោក Igor Kolykhaev អភិបាលក្រុងខាងលើបានថ្លែងថា យោធារបស់រុស្ស៊ី បានបង្ខំចិត្តចូលទៅក្នុងអគារក្រុមប្រឹក្សាក្រុង និងដាក់បម្រាមគោចរលើអ្នកស្រុកទៀតផង ។

ទីក្រុងជាច្រើនបានស្ថិតនៅក្រោមការបាញ់ផ្លោងយ៉ាងខ្លាំងក្លា កាលពីថ្ងៃពុធ ជាថ្ងៃមួយនៃការបំផ្លិចបំផ្លាញបំផុតនៃការប្រយុទ្ធគ្នា។

ការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានចាប់ផ្តើមដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ (ICC) នៅទីក្រុងឡាអេ ។

រុស្ស៊ី បានទទួលស្គាល់ជាលើកដំបូងថា បានទទួលរងរបួសផ្នែកយោធាយ៉ាងខ្លាំងក្នុងអំឡុងពេលការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន ដោយទាហានចំនួន៤៩៨នាក់ត្រូវបានសម្លាប់ និង១.៥៩៧នាក់ទៀតរងរបួស។

អ៊ុយក្រែន បានលើកឡើងថា ការខាតបង់របស់រុស្ស៊ី កើនដល់រាប់ពាន់នាក់ហើយ ។

អ៊ុយក្រែន បានរាយការណ៍ថា ជនស៊ីវិលជាង២.០០០នាក់បានស្លាប់ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។ ជម្លោះក៏បានបណ្តាលឲ្យមនុស្សជាង១លាននាក់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន នេះបើយោងតាមអង្គការសហប្រជាជាតិ (UN)បានឲ្យដឹងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top